(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៉ីណូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះជាបណ្ដោះអាសន្ន រហូតមានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។
ការដាក់ចេញនូវបទបញ្ជាបិទកាស៉ីណូនៅទូទាំងប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញថ្លែងសារសំខាន់មួយជូនជនរួមជាតិ បន្ទាប់ពីរដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចទុករយៈពេលប៉ុន្មានថ្ងៃ ទើបសម្រេចឲ្យបិទជាបណ្ដោះអាសន្នកាស៉ីណូនៅទាំងប្រទេស គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់កាស៉ីណូ រៀបចំបើកប្រាក់ខែតាមការកំណត់ជូនបុគ្គលិកទាំងអស់របស់ខ្លួន។ សម្ដេចបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះ រដ្ឋមិនយកពន្ធលើអាជីវកម្មនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចេញបទបញ្ជាបិទកាស៉ីណូទាំងអស់ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ។ ហេតុអ្វីបានជាយើងត្រូវទុកពេលទៅដល់ថ្ងៃទី០១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្ដង បញ្ហាមិនស្ថិតនៅត្រង់អ្នកលេងល្បែងទេ ស្ថិតនៅត្រង់បញ្ហាថៅកែកាស៉ីណូត្រូវដោះស្រាយចំពោះកម្មកររបស់ពួកគេយ៉ាងណា ព្រោះប្រសិនបើបិទភ្លាមថៅកែកាស៉ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវបញ្ហាបុគ្គលិក កម្មករ ដែលត្រូវព្យួរការងារអំពីការបិទនេះ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ការដាក់បទបញ្ជារបស់សម្ដេច មិនមែនធ្វើតាមការអំពាវនាវរបស់បុគ្គលណានោះទេ ពោលរាជរដ្ឋាភិបាល បានគិតច្បាស់លាស់ណាស់ ទើបចេញវិធានការនីមួយៗ ដើម្បីទប់ស្កាត់ការ និងជៀសវាងនូវផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរីករាលដាល ជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩សរុបកើនដល់ចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើតេស្តចំនួន២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក។ អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ៕