(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធសកម្មភាពផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 តាមបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយគ្មានការអនុញ្ញាត ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 ដាក់បទបញ្ជាឲ្យក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ Covid-19 (Rapid Test) ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ នេះជាការបញ្ជាក់របស់អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ការឃាត់ខ្លួនស្ត្រី ពាក់ព័ន្ធសកម្មភាពលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 តាមបណ្ដាញទំនាក់ទំនងសង្គម FacebooK ខាងលើនេះ ក្រោមការសម្របសម្រួលពីលោក ស៉ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ, លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធស្ថិតនៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ នាព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
លោក ជា ពិសី បញ្ជាក់ថា ក្រោយពីឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ា វួចគៀង អាយុ២៦ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ផ្ទះជួល ដើម្បីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ រយៈពេលប៉ុន្មានម៉ោងក្រោយមក រូបនាងបានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ពិតប្រាកដមែន។
លើសពីនេះ ស្ត្រីជាប់សង្ស័យឈ្មោះ វ៉ា វួចគៀង ដែលមានមុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញរូបនេះ បានឆ្លើយសារភាពប្រាប់អាជ្ញាធរមានសមត្ថកិច្ចទៀតថា «រូបនាងគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បីលក់ឧបករណ៍ខាងលើនេះឲ្យឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប្រសិនបើមានអ្នកកម្មង់ទិញ ខ្លួននឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់យកមកលក់បន្ត ខណៈជាក់ស្ដែង នាងពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ»។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។
ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។ ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ២៣នាក់ហើយ នៅសល់ ៨៤នាក់ទៀត កំពុងសម្រាកព្យាបាល នៃចំនួនអ្នកឆ្លងសរុប ១០៧នាក់៕