(ភ្នំពេញ)៖ ក្រោយពេលទទួលបាននូវព័ត៌មាន អំពីការផ្តល់ជំនួយនូវឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន២ម៉ឺនឈុតពីមូលនិធិ Alibaba និង មូលនិធិរបស់មហាសេដ្ឋីចិន លោក Jack Ma ជូនក្រសួងសុខាភិបាលកម្ពុជា សម្រាប់បម្រើប្រយុទ្ធប្រឆាំនឹងជំអឺកូវីដ១៩រួចមក, អ្នកជំនួញស្ត្រីវ័យក្មេងរបស់កម្ពុជា១រូបបាន លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ នាយិកាក្រុមហ៊ុន KCR និងសិប្បកម្ម រ៉ារី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានចេញមកការថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លានេះ។
សរសេរក្នុង Facebook ផ្លូវការររបស់ខ្លួន លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានសរសេរយ៉ាងដូច្នេះថា «តាងនាមឲ្យបុគ្គលិកក្នុងក្រុមហ៊ុន KCR ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមថ្លែងអំណរគុណ ដល់ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក Jack Ma ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ឧបត្ថម្ភជាសម្ភារបរិក្ខារពេទ្យរួមមាន ម៉ាស ឧបកណ៍ធ្វើតេស្ត និងសម្ភារផ្សេងទៀតៗ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវមកប្រទេសកម្ពុជា»។
លោកស្រីបានបន្តថា «ទឹកចិត្តដ៏ល្អនេះ ប្រជាពលរដ្ឋខ្មែរនឹងចងចាំទុកក្នុងបេះដូង និងសូមបួងសួងដល់ព្រះជាម្ចាស់ បារមីនៃវត្ថុដ៏ស័ក្តិសិទ្ធិទាំងអស់លើលោក តាមថែរក្សាលោក និងក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច...។ មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន។ អំពើល្អមិនសាបសូន្យ»។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានទទួលឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន២ម៉ឺនឈុត ពីមូលនិធិ Alibaba និងមូលនិធិរបស់មហាសេដ្ឋីចិន។
ពិធីប្រគល់-ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន២ម៉ឺនឈុតសម្រាប់បម្រើឱការការពារ ការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ជាអំណោយរបស់មូលនិធិ Alibaba និងមូលនិធិ Jack Ma នេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មី ពីជំងឺកូវីដ១៩ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់៕