(ព្រះសីហនុ)៖ ដើម្បីជួយទ្រទ្រង់ដល់ចលនាផ្ដាច់ការញៀនគ្រឿងញៀន ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ កំពុងធ្វើសកម្មភាពជួយដល់យុវជនញៀនគ្រឿងញៀន កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ លោកអាចារ្យ ហួង ប្រធានសមាគមមរណៈសង្គ្រោះខេត្តព្រះសីហនុ អមដំណើរដោយលោកស្រី អឿ វ៉ាន់ថា សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈកម្មការក្នុងសមាគមមរណៈសង្គ្រោះខេត្តព្រះសីហនុ នាំយកអំណោយ របស់សមាគមទៅឧបត្ថម្ភ ដើម្បីជួយទ្រទ្រង់ចលនាជួយដល់យុវជនផ្ដាច់ការញៀនថ្នាំ ដែលកំពុងស្នាក់នៅហាត់ពត់ និងបន្សាបព្យាបាលផ្ដាច់គ្រឿងញៀន ទីបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ។
អំណោយដែលសមាគមនាំយក ទៅផ្ដល់រួមមាន៖ អង្ករចំនួន៤០០គីឡូ ស្កសរ១បាវ៥០គីឡូសណ្ដែកខឿវ២០គីឡូ ទឹកបរិសុទ្ធ២០យួរ ទឹកក្រូច១០កេះ មីកញ្ចប់១កេះធំ និង២កេះតូចនិងថវិកា៣០ម៉ឺនរៀល ក្នុងនោះយុវជនផ្ដាច់គ្រឿងញៀន ចំនួន៤៥នាក់ ក្នុងម្នាក់ៗទទួល បានឃីត១កញ្ចប់ ក្នុងឃីតមានមី៤កញ្ចប់តូច ទឹកក្រូច១ដបនិងទឹកបរិសុទ្ធ១ដប។
លោកវរសេនីយ៍ត្រី ហ៊ត សីហា ប្រធានមណ្ឌលនិងជាមេបញ្ជាការ កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ មានអាគារស្នាក់នៅសម្រាប់ទទួលយុវជនញៀនថ្នាំ អប់រំកែប្រែបន្សាបគ្រឿងញៀនពីក្នុងខ្លួន ដើម្បី ឲ្យពួកគេក្លាយមកជាមនុស្សល្អក្នុងសង្គមវិញ។ ហើយការងារនេះបានធ្វើសកម្មភាពមានរយៈពេល ៨ឆ្នាំហើយ ចាប់ពីខែកញា ឆ្នាំ២០០៨ដល់ឆ្នាំ២០១៦នេះ។
សព្វថ្ងៃនេះមានយុវជនចំនួន ៣៣១នាក់ ត្រូវបានជួយសង្រោះបន្សាប បំបាត់ គ្រឿងញៀនទាំងស្រុងបានត្រឡប់វិលទៅផ្ទះវិញ ហើយបច្ចុប្បន្ននេះមានយុវជនចំនួន៤៥នាក់ កំពុងព្យាបាល អប់រំសព្វថ្ងៃនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕