(ស្វាយរៀង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះជួយឃុំឈើទាល ដឹកនាំដោយលោក កែរ រដ្ឋា អនុប្រធានក្រុមការងារ ចុះជួយឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ នៅភូមិតារាក់ និងភូមិសង្កែ ចំនួន៧គ្រួសារ។
ក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខខាងលើនេះ លោក កែរ រដ្ឋា អនុប្រធានក្រុមការងារ ចុះជួយឃុំឈើទាល ក៏នាំនូវអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង តំណាងរាស្ត្រមណ្ឌលស្វាយរៀង ជូនដល់ពួកគាត់ផងដែរ។
ជាមួយគ្នានោះ លោក កែរ រដ្ឋា ក៏បានលើកឡើងអំពីជំងឺកូវីដ១៩ ដែលជាជំងឺកាចសហាវនាបច្ចុប្បន្ន បង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជំងឺ និងឈឺស្លាប់បើគ្មានទទួលសេវា ព្យាបាលទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជំងឺ លោកប្រាប់ឲ្យបងប្អូន ត្រូវឧស្សហ៍លាងដៃនឹងសាប៊ូ ឲ្យបានញឹកញាប់។ លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ាបើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជំងឺអ្វី គួររួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យភូមិដ្ឋាន បញ្ជៀសទៅកន្លែងចិញ្ចឹមសត្វ។
លោក កែរ រដ្ឋា បានបន្ថែមទៀតថា ជាពិសេសពិសារម្ហូបអាហារ ដែលចំអិនឲ្យឆ្អិន ជៀសវាងហូបបន្លែឆៅ គួរបន្ថយការសេពគ្រឿងស្រវឹង ហើយកុំធ្វើដំណើរ ទៅទីប្រជុំជនផងដែរ។
សូមជម្រាបថា ក្នុងមួយគ្រួសារ បានទទួលបានមុង១, កន្ទេល១,សារុង១, ក្រម៉ា១, ស្ករស១គីឡូ, ទឹកដោះគោ, ១កំប៉ុង, អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១៥កញ្ចប់ និងថវិកា៥០,០០០រៀល។ ឧបត្ថម្ភស្រីមានផ្ទៃពោះកូនភ្លោះ១០០,០០០រៀល និងចូលបុណ្យសព២នាក់ ២០០,០០០រៀល៕