(ស្វាយរៀង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងចំនួន២៧នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានបន្ដចុះផ្សព្វផ្សាយអប់រំ ផ្តល់ចំណេះដឹង ស្តីពីវិធានការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងចែកម៉ាស់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិតារាក់ និងភូមិសង្កែនៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ ចំនួន២៨៦ខ្នងផ្ទះ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងទាំង២៧នាក់នេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងលោក ហែម សារឹទ្ធ អភិបាលស្រុកស្វាយជ្រុំ។
ក្នុងការចុះផ្សព្វផ្សាយអប់រំ ផ្តល់ចំណេះដឹង ស្តីពីវិធានការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងចែកម៉ាស់ដល់ប្រជាពលរដ្ឋខាងលើនេះ ក៏មានការចូលរួមសហការ ពីក្រុមប្រឹក្សាឃុំឈើទាល និងមេភូមិព្រមទាំងមានការចូលរួម ពីក្រុមយុវជន ស.ស.យ.ក ឃុំឈើទាលផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានឧបត្ថម្ភម៉ាស១ប្រអប់, ក្រម៉ាចំនួន៣០ និងថវិកា១០០,០០០រៀល ជូនដល់ក្រុមប្រឹក្សាឃុំ។ ដោយឡែក លោក ហែម សារឹទ្ធ បានឧបត្ថម្ភក្រុម ស.ស.យ.ក ១២នាក់ ម្នាក់ៗថវិកា១០,០០០រៀលផងដែរ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ជំងឺកូវីដ១៩ ជាជំងឺកាចសហាវ នាបច្ចុប្បន្នបង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជំងឺ និងឈឺស្លាប់ បើគ្មានទទួលសេវាព្យាបាលទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជំងឺ បងប្អូនត្រូវឧស្សហ៍លាងដៃនឹងសាប៊ូ ឲ្យបានញឹកញាប់។ លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជំងឺអ្វី គួររួសរាន់ទៅប្រឹក្សា ជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យភូមិដ្ឋាន បញ្ជៀសទៅកន្លែងចិញ្ចឹមសត្វ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ជាពិសេសពិសារម្ហូបអាហារ ដែលចំអិនឲ្យឆ្អិន ជៀសវាងហូបបន្លែឆៅ គួរបន្ថយការសេពគ្រឿងស្រវឹង ហើយកុំធ្វើដំណើរ ទៅទីប្រជុំជនផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម បន្ទាប់ពីនិន្នាការជំងឺកូវីដ១៩ ផ្ទុះនៅប្រទេសចិន រាជរដ្ឋាភិបាល បានចាត់វិធានការទប់ស្កាត់ជំងឺនេះ ក្នុងនោះអាជ្ញាធរខេត្ត រួមនិងមន្ទីរសុខាភិបាលខេត្ត បានរៀបចំធ្វើការត្រួតពិនិត្យភ្ញៀវ ចេញចូលតាមច្រកព្រំដែនអន្តរជាតិ ច្រកតំបន់រៀបចំក្រុមគ្រូពេទ្យ និងបន្ទប់ ដាច់ដោយឡែក សម្រាប់អ្នកជំងឺសង្ស័យ បានគ្រប់មន្ទីរពេទ្យបង្អែកក្នុងខេត្ត៕