(ឧត្តរមានជ័យ)៖ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ដែលមានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាប្រធាន ព្រមទាំងអភិបាលខេត្ត លោក ប៉ែន កុសល្យ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានធ្វើសកម្មភាពយ៉ាងសកម្មចុះស្រង់ស្ថិតិប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងពិនិត្យសុខភាពរបស់ពួកគេ។
ខេត្តឧត្តរមានជ័យ ជាខេត្តមួយជាប់ព្រំដែនប្រទេសថៃ ហើយក៏មានប្រជាពលរដ្ឋធ្វើចំណាក់ស្រុកចេញចូលទៅធ្វើការនៅប្រទេសថៃច្រើនផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋត្រឡប់មកពីធ្វើការនៅប្រទេសថៃជិត៣ពាន់នាក់។
ដោយយោងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្កាមិនឱ្យមានការចម្លងជំងឺកូវីដ១៩ពីពលរដ្ឋមកពីថៃទៅក្រុមគ្រួសារ និងក្នុងសហគមន៍នោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំក្រុមក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះវាស់កម្តៅប្រជាពលរដ្ឋមកពីថៃនោះ និងណែនាំឱ្យពួកគេនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម តាមរយៈការចុះវាស់កម្តៅគឺរកឃើញប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារមានកម្តៅខ្ពស់ខុសប្រក្រតី ហើយក៏បានរៀបចំយកសំណាកផ្សេងៗទៅពិនិត្យ។ ក្រោយពេលពិនិត្យរកឃើញថា ពួកគាត់មិនមានឆ្លងជំងឺកូវីដ១៩នោះឡើយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មិនមាននរណាម្នាក់កើតជំងឺកូវីដ១៩នោះឡើយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រៅពីការចុះដាក់ចេញវិធានការទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ពីប្រជាពលរដ្ឋមកពីប្រទេសថៃ ក្នុងករណីពួកគេមានជំងឺ ទៅក្រុមគ្រួសារសាច់ញាតិ និងប្រជាពលរដ្ឋក្នុងភូមិហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមការងារក៏រៀបចំចាត់ចែងនាំយកគ្រឿងឧបភោគ បរិភោគ និងក្រមា ជូនប្រជាពលរដ្ឋជួបការលំបាកបណ្តាលមកពីឥទ្ធិពលជំងឺកូវីដ១៩ផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមការងារ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ហើយក៏បានឆ្លៀតផ្តល់នូវសារអប់រំនានាតាមវិធានរបស់ក្រសួងសុខាភិបាល ជូនទៅប្រជាពលរដ្ឋ ដើម្បីការពារខ្លួនចៀសផុតពីការឆ្លងជំងឺកូវីដ១៩នេះ៕