(កណ្ដាល)៖ រយៈពេល២ថ្ងៃមកនេះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានចុះទៅដល់ស្រុកចំនួន៣ ដើម្បីចែកអំណោយដល់ពលរដ្ឋ ព្រមទាំងអប់រំផ្សព្វផ្សាយឱ្យពួកគាត់យល់ច្បាស់ពីវិធានការពារមេរោគកូវីដ១៩ (COVID-19) និងប្រាប់ពួកគាត់កុំឱ្យជឿព័ត៌មានក្លែងក្លាយបង្កការជ្រួលច្របល់ជាដើម។ លោកអភិបាលរងខេត្ត ក៏បានជំរុញអាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋ ពិសេសណែនាំពលរដ្ឋទើបមកពីថៃ សូមស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
លោក តាំង ម៉េងលាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ខេត្តកណ្ដាលឱ្យដឹងថា លោកបានដឹកនាំក្រុមមន្ត្រីចុះមូលដ្ឋានចំនួន៣ស្រុក ហើយរយៈពេល២ថ្ងៃនេះ គឺព្រឹកថ្ងៃទី២៨ នៅស្រុកមុខកំពូល, រសៀលថ្ងៃទី២៨ នៅស្រុកពញ្ញាឮ និង ថ្ងៃទី២៩នេះ នៅស្រុកអង្គស្នួល ធ្វើយ៉ាងណាចុះសួរសុខទុក្ខពលរដ្ឋឲ្យកាន់តែមានភាពស្និតស្នាលឡើងៗតាមដែលអាចធ្វើទៅបាន។
លោកបានបន្តទៀតថា ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតាមការណែនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិជួយខេត្តកណ្តាល និងការដឹកនាំដោយផ្ទាល់ពីលោក វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមុកកំពូល និងលោក គង់សោ ភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្រុមការងារបានខិតខំដោយមិនគិតពីការនឿយហត់ឡើយ ធ្វើយ៉ាងណាចូលរួមយ៉ាងសកម្មបំផុត ដើម្បីបង្ការការរីករាលដាលវីរុស COVID-19 នេះ មិនឲ្យរីករាលដាល។
លោកក៏បានជំរុញអាជ្ញាធរមូលដ្ឋានផងដែរថា ត្រូវតែស្រាវជ្រាវរកអ្នកដែលទើបមកពីប្រទេសថៃ ព្រមទាំងអំពាវនាវដល់ពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងករណីណាមួយ។ លោកអភិបាលរងបញ្ជាក់ថា ការលើកឡើងបែបនេះ មិនមែនចោទប្រកាន់អ្នកមកពីថៃ គឺសុទ្ធតែមានផ្ទុកមេរោគ COVID-19នោះទេ ពោលគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់ ព្រោះបើឈឺតែម្នាក់ឯងមិនជាបញ្ហាធំទេ ប៉ុន្តែសំខាន់នោះ គឺឆ្លងដល់អ្នកផ្ទះដែលមិនដឹងអី ដែលនាំទុក្ខសោកដល់ពួកគាត់គួរឲ្យអាណិតបំផុតផងដែរ»។
លោកអភិបាលរងក៏បានណែនាំពលរដ្ឋផងដែរថា កុំឆាប់ជឿសារសំឡេងតាម Chat កុំជឿព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ព័ត៌មានញុះញង់ ពិសេសកុំជឿតាមមាត់មួយទៅមាត់មួយ ព្រោះទាំងអស់នោះគ្មានមូលដ្ឋានអ្វីគួរឲ្យជឿនោះទេ។ ប៉ុន្តែសូមជឿបណ្តាញព័ត៌មានមានប្រភពច្បាស់លាស់ និងក្រសួងសុខាភិបាលទៅបានហើយ ព្រោះពួកគេផ្ដល់ព័ត៌មានពិត ព័ត៌មានជាក់លាក់ និងជាព័ត៌មានច្បាស់លាស់បំផុត។
សូមបញ្ជាក់ថា បន្ទាប់ពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជំរុញមានការចុះចែកអំណោយដល់ខ្នងផ្ទះរួចមក ឃើញថារដ្ឋបាលខេត្តកណ្ដាល បានចេញសកម្មភាពយ៉ាងផុសផុលណាស់ ដោយមន្ត្រីម្នាក់ៗ ចែកជើងគ្នាចុះតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធ្វើការងារខ្លួនបានយ៉ាងមានប្រសិទ្ធភាពបំផុត តួយ៉ាងលោក តាំង ម៉េងលាន ក៏ឃើញមានសកម្មភាពយ៉ាងក្លៀវក្លាផងដែរ តបតាមការការបញ្ជារបស់ថ្នាក់លើ និងពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល៕