(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News ច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតម្ដងទៀតថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩ (Covid-19)។
ការចេញមកប្រកាសជាថ្មី របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនេះ ក្រោយពីមានការចែកចាយសម្លេងតាម Messenger Facebook និងតាមបណ្ដាញសង្គមមួយចំនួនទៀត នៅរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរ ក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើឲ្យមានការសំរុកទិញទំនិញ មកស្តុកបម្រុងទុកដែលនាំឲ្យជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់ មេត្តាកុំជឿ និងកុំបន្តចែកចាយ នាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើស ឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់»។
ដោយឡែកលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ក៏បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ថ្ងៃអាទិត្យ ៦ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ គិតត្រឹមម៉ោងនេះ នៅក្នុងទូទាំងខេត្តព្រះសីហនុទាំងមូល មិនមានការបិទក្រុងនោះទេ ប្រជាពលរដ្ឋ និងសាធារណៈជនអាចចេញចូលជាធម្មតាមិនមានការហាមប្រាណអ្វីនោះទេ។ រដ្ឋបាលខេត្ត សូមបដិសេដរាល់សារព័ត៌មាន ឬការផ្សព្វផ្សាយបំពុលផ្សេងៗ ដែលមានចេតនាធ្វើចលាចលសង្គម។ អាស្រ័យដូចគោរពជម្រាមជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និងសាធារណៈជនទាំងអស់សូមមេត្តាជ្រាបជាព័ត៌មាន»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ ក៏បានច្រាលចោលព័ត៌មាននេះម្ដងដែរ ចំពោះការបំពុលព័ត៌មានមិនពិត តែចុងក្រោយនេះ ស្រាប់តែមានការចែកចាយព័ត៌មានបំពុលនេះម្ដងទៀត ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំជឿ និងជួយទប់ស្កាត់ កុំឲ្យព័ត៌មាននេះ កើតឡើងតទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានស្រ្តី២៦នាក់ និងបុរស៥៦នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១០៣នាក់ ហើយអ្នកជាសះស្បើយ បានកើនឡើងរហូតដល់២១នាក់៕