(សៀមរាប)៖ ជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់ក្មេងប្រុស ៣នាក់ ប្លន់យកម៉ូតូនៅស្រុកអង្គរជុំ ហើយលួចកាត់សោទ្វារ នៃ មន្ទីរឃុំឃាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប រត់គេចខ្លួននៅម៉ោងទៀបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានប្រជាពល រដ្ឋជួយស្ទាក់ចាប់ប្រគល់ជូនសមត្ថកិច្ចវិញហើយនៅល្ងាចថ្ងៃដដែលនេះ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៌ សត ណាឌី បានប្រាប់អង្គភាព Fresh News មុននេះបន្តិចថា ជនសង្ស័យ ឈន់ ឆេន ដែលកាត់សោទ្វារត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់បានហើយនៅម៉ោង ៦ល្ងាចថ្ងៃនេះ ពេលកំពុងពួននៅគុម្ព ចេករបស់ប្រជាពលរដ្ឋ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។
សូមបញ្ជាក់ថា ជនដៃដល់ឈ្មោះ ឈន់ ឆេន អាយុ ១៨ឆ្នាំ ដែលជាជនសង្ស័យកាប់សម្លាប់ក្មេងប្រុស ៣នាក់ ប្លន់ម៉ូតូកាលពីថ្ងៃទី ០២ ខែមករា នៅស្រុកអង្គរជុំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី០៣ ខែមករា។ ពេលកំពុងឃុំខ្លួននៅមន្ទីរឃុំឃាំង នៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសួរនាំជនសង្ស័យរូបនេះ ក៏បានលួចកាត់សោទ្វារលួចរត់គេចខ្លួននៅម៉ោង ៤ទៀបភ្លឺថ្ងៃទី ០៤ ខែមករានេះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈន់ ឆេន បានកាប់សម្លាប់ក្មេងប្រុសមិនទាន់គ្រប់អាយុ ៣នាក់ យ៉ាងសាហាវឃោរឃៅ ដើម្បីយកម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខប៉ៃលិន 1A-6878 ស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ។
ជនរងគ្រោះទាំង ៣នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ ភូមិគោកដូងថ្មឹ ឃុំគោកដូង ស្រុកអង្គរជុំ, ទី២- ឈ្មោះ មាឌ យ៉ា ភេទប្រុស អាយុ១៣ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង និង និងទី៣-ឈ្មោះ មិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ៕