(កំពង់ធំ)៖ មិនបានទុកឱ្យប្រជាពលរដ្ឋភ័យខ្លាចនឹងជំងឺ Covid-19 នោះឡើយ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានខិតខំបញ្ចេញកម្លាំងកាយចិត្ត ធនធាន និងពេលវេលាច្រើនជាងមុន ក្នុងការចុះតាមដានពីសុខភាពរបស់ប្រជាពលរដ្ឋ និងអប់រំផ្សព្វផ្សាយពីវិធានការបង្ការការពារនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងភូមិ-ឃុំរបស់ខ្លួន ដើម្បីរួមគ្នាការពារប្រជាពលរដ្ឋពីជំងឺ Covid-19 និងចូលរួមក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវមួយនេះផងដែរ។
ថ្វីដ្បិតមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីស្ថាប័នសាធារណៈ និងឯកជនមួយចំនួនយ៉ាងណាក្ដី ក៏លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានបង្គាប់បញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យចុះផ្សព្វផ្សាយ និងតាមដានពីសុភាពរបស់ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ហ្មត់ចត់ ពិសេសលោកផ្ទាល់ក៏បានដឹកនាំមន្ត្រី កម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល ដោយមានទាំងព្រះសង្ឃផងដែរនោះ ចុះទៅដល់ខ្នងផ្ទះពលរដ្ឋផ្ទាល់ ទោះថ្ងៃខ្លះនៅដល់យប់ងងឹត ក៏ក្រុមមន្ត្រីគំរូនៅស្រុកតាំងគោកនេះ មិនរុញរាត្អូញត្អែនឿយណាយនោះឡើយ។
តបនឹងសំណួររបស់ Fresh News នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ លោកអភិបាលស្រុកបានថ្លែងយ៉ាងដូច្នេះថា «យើងបានធ្វើប៉ុន្មានថ្ងៃមកហើយ តាំងពីថ្ងៃ២៤មក យើងធ្វើជាប់រហូត ស្រឡៅក៏ទៅ ពង្រក៏ទៅ ខ្ញុំបានទៅច្រើនកន្លែង ខ្ញុំទៅរាល់ថ្ងៃដល់យប់ៗ ថ្ងៃខ្លះខ្ញុំបាននិមន្តលោក (ព្រះសង្ឃ) ទៅជាមួយទៀត មានព្រះចៅអធិការ មាននេន ប៉ុន្តែសំខាន់ខ្ញុំអត់មានការប្រមូលផ្ដុំទេ គឺខ្ញុំដើរតាមផ្ទះ ជួបគាត់លាងគោ ឬជួបកន្លែងណា យើងផ្សព្វផ្សាយកន្លែងហ្នឹង យើងអត់ដែលប្រកាន់ខ្លួន ទាល់តែហៅគាត់មកជួបយើងទេ ក្រុមការងារដែលខ្ញុំដឹកនាំធ្វើបានច្រើន តាមប្រសាសន៍សម្ដេច ក្រសួង និងថ្នាក់លើ ហើយយើងបានចុះទៅផ្ទាល់ៗតែម្ដង»។
ជាមួយនឹងសកម្មភាពចុះអប់រំផ្សព្វផ្សាយ តាមដានពីសុខភាព បង្ការការពារប្រជាពលរដ្ឋពីជំងឺ Covid-19 នេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏តែងតែពាំនាំសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលរដ្ឋជនចាស់ជរា ឬអ្នកមានជីវភាពខ្សត់ខ្សោយផងដែរ។ ប្រជាពលរដ្ឋនៅមូលដ្ឋានសុទ្ធតែបានឃើញ បានទទួល និងថ្លែងអំណរគុណចំពោះសកម្មភាពចុះជួយរបស់លោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ម្សិលមិញ ភូមិទាំង ១៨៨ ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ បានទទួលឧបករណ៍វាស់កម្ដៅពីលោករដ្ឋមន្ត្រី ថោង ខុន សម្រាប់យកទៅត្រួតពិនិត្យកម្ដៅរបស់ពលរដ្ឋនៅតាមភូមិ ហើយជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានប្រគល់ឡាំប្រឺតាចំនួន ២គ្រឿង ទៅឱ្យរដ្ឋបាលស្រុកទាំងពីរ ក្នុងការប្រើប្រាស់សម្រាប់ការងារផ្សព្វផ្សាយសារអប់រំពីវិធានការនានា។
ក្រោមការចុះពង្រឹងរបស់លោករដ្ឋមន្ត្រី ថោង ខុន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក លោក ហាក់ ម៉ុងហួត តែងតែទទួលបានអនុសាសន៍ល្អៗជាច្រើន និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន ក្នុងការចុះជួយប្រជាពលរដ្ឋ និងខិតខំចុះពង្រឹងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងមូលដ្ឋានរបស់ខ្លួន ឆ្លើយតបនឹងស្ថានការណ៍ជាក់ស្ដែង។
ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបវិបត្តិនៃការរាតត្បាតនូវជំងឺ Covid-19 លោក ហាក់ ម៉ុងហួត មិនបានព្រងឿយកន្តើយចំពោះស្ថានការណ៍នេះឡើយ ពោលក្រោយពីទទួលបានការណែនាំពីថ្នាក់លើ លោកបានបង្គាប់បញ្ជា និងដឹកនាំក្រុមការងារអនុវត្តតាមវិធានការភ្លាមៗ។
ចំពោះពលរដ្ឋដែលជាពលករមកពីប្រទេសថៃ ត្រូវបានមេភូមិគ្រប់ភូមិទាំងអស់ចុះស្រង់ព័ត៌មាន និងតាមដានពីសុខភាពយ៉ាងយកចិត្តទុកដាក់ជាប្រចាំ និងបានអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ និងជួយសម្រួលមធ្យោបាយនានា ដើម្បីឱ្យពួកគេមានភាពកក់ក្ដៅ។ ប្រជាពលរដ្ឋនៅស្រុកនេះបានចូលរួមជាមួយអាជ្ញាធរបានយ៉ាងស្រុះស្រួល មិនមានអ្វីជាបាតុភាពគួរឱ្យព្រួយបារម្ភនោះឡើយ។
មិនខុសពីមូលដ្ឋានដទៃដែរ រដ្ឋបាលស្រុកតាំងគោក បានចាក់មេក្រូចល័តដើរផ្សព្វផ្សាយពីវិធានការបង្ការការពារជំងឺឆ្លង Covid-19 ចង្រៃ នៅតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ជាមួយនឹងការអំពាវនាវឱ្យចូលរួមថែរក្សានូវអនាម័យជាប្រចាំ។
សកម្មភាពចុះជួយប្រជាពលរដ្ឋខាងលើនេះ មិនមែនធ្វើតែក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19 នេះប៉ុណ្ណោះទេ ពោលកាលពីពេលកើតវិបត្តិ Covid-19 នេះ ក៏លោកអភិបាលស្រុកតែងតែចុះជួយយកអាសារ ជួយជនក្រីក្រ ជួយអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាត ឬជាសំណូមពររបស់ប្រជាពលរដ្ឋជាដរាប ទោះបីជាមានហេតុការណ៍អគ្គិភ័យ គ្រោះធម្មជាតិយប់ព្រលប់យ៉ាងណា ក៏លោកដឹកនាំក្រុមការងារចុះទៅដល់ភ្លាមៗ គ្មានការរុញរាបន្តិចណាឡើយ។
ស្រុកតាំងគោក ជាស្រុកបង្កើតថ្មីក្រោយគេក្នុងខេត្តកំពង់ធំ ដោយមានឃុំចំនួន ៨ឃុំ ក្នុងនោះមានឃុំសូយោង ឃុំច្រនាង ឃុំជ្រលង ឃុំអណ្ដូងពោធិ៍ ឃុំពង្រ ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំទ្រៀល មានភូមិសរុបចំនួន ៩១ភូមិ។ មកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់នៅស្រុកតាំងគោក ឆ្លងជំងឺ Covid-19 នៅឡើយទេ៕