(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងចេញបទបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19 ។
ការចេញបទបញ្ជាដ៏ក្តៅគគុកនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រសាសន៍យ៉ាងដូច្នេះថា៖ «នាយកដ្ឋានជំនាញ សហការជាមួយស្នងការរាជធានី-ខេត្តទាំង២៥ អនុវត្តបន្ទាន់! កន្លែងណាដែលមានលក់ឧបករណ៍ធ្វើតេស្តិ៍ខូវីដ១៩ សុំឃាត់មនុស្ស ហើយដកហូតសម្ភារៈបន្ទាន់ ហើយរាយការណ៍ឡើងមកលើ។ ចាត់ការបន្ទាន់ភ្លាម! សហការជាមួយព្រះរាជអាជ្ញា សហការជាមួយកម្លាំងពាក់ព័ន្ធនៅខេត្តនោះផ្ទាល់»។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។
ក្រសួងបន្ថែមថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។
ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ១៩សរុបចំនួន២១នាក់ហើយ នៅសល់ ៨២នាក់ទៀត កំពុងសម្រាកព្យាបាល នៃចំនួនអ្នកឆ្លងសរុប១០៣នាក់៕