(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានចែកម៉ាស និងទឹកលាងដៃសម្លាប់មេរោគ ដល់បងប្អូនពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាល នៃជំងឺឆ្លងកូរីដ-១៩ (Covid-19)។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ថា ស្ថានទូត បានចែកជូនម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគ ដល់បងប្អូនពលរដ្ឋខ្មែរ មានចំនួន៤៤៣នាក់ ហើយស្ថានទូត នៅតែបន្តចែកជូនទៀត។
លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា បងប្អូនខ្មែរដែលរស់នៅ ប្រទេសកូរ៉េខាងត្បូង ដែលមានការលំបាក ក្នុងការរកទិញម៉ាស និងទឹកលាងដៃ ហើយមានបំណង ចង់បាននោះ សូមឆាតចូលមកផេកហ្វេសប៊ុកស្ថានទូត ឬតាមរយៈ លោកគ្រូ-អ្នកគ្រូ តាមតំបន់។
លោកឯកអគ្គរាជទូត បានបន្ថែមថា ដើម្បីចុះឈ្មោះ ដោយគ្រាន់តែបង្ហាញ នូវអាយឌីកាត (ID-Card) ឬលិខិតឆ្លងដែន លេខទូរស័ព្ទ អាសយដ្ឋាន ដែលមានអ្នកនៅចាំ ទទួលឥវ៉ាន់នោះ ស្ថានទូត នឹងរៀបចំផ្ញើទៅដោយបងប្អូន គ្រាន់តែចេញថ្លៃប្រៃណីយ៍ ទៅអ្នកប្រគល់ឥវ៉ាន់តែប៉ុណ្ណោះ។
ឆ្លៀតឱកាសនេះដែរ ក្រុមការងារស្ថានទូត បានផ្តល់ជាសម្ភារមានដូចជា៖ ខោទឹកនោមសម្រាប់ទារក ម្សៅទឹកដោះគោសម្រាប់ទារក កន្សែងត្រជាក់ និងកន្សែងជូតខ្លួន សម្រាប់ទារក ជូនដល់ស្ត្រីខ្មែរ១រូប និងម្តាយព្រមទាំងកូនប្រុសអាយុ៣ខែ ដែលស្ត្រីរូបនោះ បានឆ្លងវីរ៉ុសកូរ៉ូណាពីស្វាមី របស់គាត់ជាជនជាតិកូរ៉េ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា មកទល់ពេលនេះ ពួកគាត់ទាំង៣នាក់ បាននិងកំពុងស្នាក់នៅព្យាបាល ក្នុងមន្ទីរពេទ្យមួយ នៅខេត្តក្យង់គី ប្រទេសកូរ៉េខាងត្បូង ហើយស្ថានភាពរបស់ពួកគាត់ទាំង៣ មានសុខភាពល្អជាធម្មតា៕