(ព្រះសីហនុ)៖ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានធ្វើការចែកស៊ីម ដោយឥតគិតថ្លៃ ជូនដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៅក្នុងក្រុងព្រះសីហនុចំនួន៨០នាក់ ដោយអនុញ្ញាតឲ្យពួកគាត់អាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ រហូតដល់ស្ថានភាពនៃជំងឺ Covid-19 ត្រូវបានបញ្ចប់ទៅវិញ។
ការផ្តល់ជូននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួននឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីធានាឲ្យបានថា រាល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ នៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ជូន នូវការហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ ទៅតាមតម្រូវការ ប្រើប្រាស់របស់ពួកគាត់។
វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យជាង១,២០០នាក់ ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទចល័តសែលកាត ត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ លើការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធ និងផ្ញើសារ ដោយគិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
រាល់វេជ្ជបណ្ឌិត ដែលបានចុះបញ្ជី នៅក្រសួងសុខាភិបាលទាំងអស់ នឹងមានសិទ្ធិទទួលបានការផ្តល់ជូននេះ ហើយក្នុងករណីមិនទាន់មានស៊ីមសែលកាត សម្រាប់ប្រើប្រាស់ ក្រុមហ៊ុននឹងរៀបចំ យកទៅជូនពួកគាត់ ដោយឥតគិតថ្លៃ។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃការឆ្លើយតបរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចំពោះមេរោគ Covid-19 ក្រោមការដឹកនាំផ្ទាល់ ដោយលោកអគ្គនាយក អ្នកឧកញ៉ា គិតម៉េង ដែលគាត់កំពុងតែសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ផ្នែក ICT ទាំងមូលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន ក្រុមហ៊ុនសែលកាត អ៊ីហ្សីខម វីង ក្រុមហ៊ុន CBS និង Digital Sky បានចាប់ផ្តើមនូវការឆ្លើយតប ទូទាំងប្រទេស នៃគម្រោងគាំទ្រ ការបញ្ចុះតម្លៃ និងសេវាកម្មថ្មីៗ ដើម្បីបម្រើដល់អតិថិជន។
នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក Ian Watson បានថ្លែងថា «ការឆ្លើយតបនេះ ត្រូវតែរួមបញ្ចូលទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា នៅជួរមុខទាំងអស់ ព្រោះពួកគេកំពុងធ្វើការ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 និងព្យាបាលអ្នកជំងឺ ដែលកំពុងមានបញ្ហាស្រាប់»។
លោក Watson បានបន្ដទៀតថា «ក្រោមការណែនាំរបស់លោកអគ្គនាយក យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើម នៃការបង្កើតសហគមន៍វេជ្ជសាស្រ្ត ជាមួយនឹងក្រសួងសុខាភិបាល កាលពីថ្ងៃសុក្រកន្លងទៅ ហើយយើងក៏បានឃើញនូវតម្រូវការបន្ទាន់ នៅក្នុងក្រុងព្រះសីហនុ»។
នេះគឺជាវិធីរបស់យើង ក្នុងការថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងបុគ្គលិកពេទ្យ ដែលកំពុងធ្វើការ ហើយមិនតែប៉ុណ្ណោះគម្រោងនេះ ក៏នឹងជួយឲ្យបងប្អូនពលរដ្ឋខ្មែរ អាចរក្សាទំនាក់ទំនងគ្នាបានល្អ និងសហគមន៍វេជ្ជសាស្រ្ត ក៏អាចទំនាក់ទំនងបាន ២៤/៧ ផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក Ian Watson។
លោក Watson បានថ្លែងថា គំនិតផ្តួចផ្តើមនេះ គឺជាការបន្ថែម លើសេវាកម្មទូរវេជ្ជសាស្រ្តតាមបច្ចេកវិទ្យា 5G (Telemedicince) ដែលនឹងចាប់ផ្តើមដំណើរការ នាថ្ងៃស្អែកនេះ នៅទីតាំងចំនួនបួន នៅទូទាំងរាជធានីភ្នំពេញ។
សេវានេះ គឺជាករណីប្រើប្រាស់ 5G ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលវានឹងអនុញ្ញាត ឲ្យវេជ្ជបណ្ឌិតឈានមុខគេទូទាំងប្រទេសកម្ពុជា អាចធ្វើការវាយតម្លៃ និងពិគ្រោះជាមួយអ្នកជំងឺ នៅគ្រប់ទីកន្លែងបានភ្លាមៗ តាមរយៈទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗ និងជួយសម្របសម្រួល ដល់ក្រុមគ្រូពេទ្យ ដែលកំពុងធ្វើការ នៅនឹងកន្លែងផ្ទាល់។
លោក Watson បានបន្ថែមថា សែលកាត នឹងចាំផ្តល់ការគាំទ្រ ដល់សហគមន៍វេជ្ជសាស្រ្ត និងអតិថិជនទាំងអស់របស់យើង ក្នុងកំឡុងពេលដ៏ពិបាកនេះ ហើយយើងនឹងបន្ត ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល ដើម្បីជួយពួកគេក្នុងការគ្រប់គ្រងវិបត្តិនេះ៕