(ភ្នំពេញ)៖ បច្ចុប្បន្នសេដ្ឋកិច្ចមានការរីកចម្រើនសឹងតែគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាជនក៏កាន់តែធូរធារ ទើបធ្វើឲ្យបុគ្គលមួយចំនួនរឹតតែមានភាពលោភលន់ ចង់មាន ចង់បាន ហ៊ានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីទទួលបានផលប្រយោជន៍ដោយមិនគិតថា អំពើនោះជាអំពើខុសច្បាប់ឡើយ។
ជាក់ស្ដែងយើងសង្កេតឃើញមានបុគ្កលខិលខូចមួយចំនួនបានប្រើឧបាយកលទុច្ចរិត ដោយក្លែងបន្លំឯកសារសាធារណៈយកទៅប្រើប្រាស់ក្នុងគោលបំណងដើម្បីស្វែងរកផលចំណេញ ឬទទួលបាននូវប្រយោជន៍ផ្សេងៗ។ ការប្រើប្រាស់ឯកសារសាធារណៈក្លែង អាចត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការសាធារណៈ ឬក៏អាចជាអ្នកជំនាញជាដើម។
កាលពីកន្លងទៅយើងខ្ញុំបានលើកយកប្រធានបទស្ដីពី «បទក្លែងបន្លំឯកសារសាធារណៈ» មកធ្វើការបកស្រាយម្ដងរួចមកហើយ។ ប៉ុន្តែនៅក្នុងសប្តាហ៍នេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ក្រៅពីបុគ្គលដែលបានផលិត ឬក្លែងបន្លំឯកសារសាធារណៈ ចុះចំពោះបុគ្គលដែលបានប្រើប្រាស់ឯកសារសាធារណៈក្លែងទាំងនោះត្រូវទទួលទោសយ៉ាងណា?
ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គសារភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទប្រើប្រាស់ឯកសារសាធារណៈក្លែង» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖
តើអ្វីទៅជាបទប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយតើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះនឹងត្រូវទទួលទោសទណ្ឌយ៉ាងដូចម្ដេច?
យោងតាមស្មារតីនៃមានត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ បានឲ្យនិយមន័យ «បទក្លែងបន្លំឯកសារសាធារណៈ»ថា គឺជាការក្លែងបន្លំដែលប្រព្រឹត្តនៅក្នុងលិខិតយថាភូត (លិខិតដែលធ្វើឡើងតាមរូបមន្តច្បាប់ដោយមន្ត្រីសារធារណៈ ឬលិខិតដែលរៀបចំដោយសារការី) ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ។
ដោយឡែកចំពោះបុគ្គលដែលបានប្រើប្រាស់ឯកសារក្លែងដូចមានចែងក្នុងមាត្រា ៦២៩ ខាងលើ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយស្របតាមមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌពី «បទប្រើប្រាស់ឯកសារសាធារណៈក្លែង»។
ជាក់ស្ដែងការប្រើប្រាស់ឯកសារសាធារណៈក្លែងអាចសំដៅទៅលើសកម្មភាពដែលបុគ្គល ឬជនណាម្នាក់បានប្រព្រឹត្តនូវអំពើជាច្រើនរួមមាន៖ ស្នាមមេដៃ ត្រា អត្តសញ្ញាណ សញ្ញាបត្រ ឯកសារទាក់ទងនឹងការឡើងតំណែងតួនាទី និងឯកសារផ្សេងៗទៀតជាច្រើន។
បច្ចុប្បន្ន ករណីដែលឃើញកើតមានឡើងជាញឹកញាប់នោះគឺ ការក្លែងឈៀកឡាន ស្លាកលេខរថយន្ត ឯកសារលិខិតលក់ផ្ដាច់អចលនទ្រព្យ ជាពិសេសនោះ គឺការក្លែងបន្លំឯកសារទាក់ទងទៅនឹងដីធ្លី ដោយមានជនទុច្ចរិតមួយចំនួនបានបង្កើតឯកសារក្លែងក្លាយហើយបានយកឯកសារក្លែងទាំងនោះទៅប្រើប្រាក់ដើម្បីបញ្ជាក់ថាខ្លួនជាម្ចាស់កម្មសិទ្ធិ។
សរុបមក បុគ្គលដែលបានដឹងរួចហើយថា ឯកសារទាំងនោះជាឯកសារសាធារណៈក្លែង ប៉ុន្តែនៅតែមានចេតនាប្រើប្រាស់ឯកសារសាធារណៈក្លែងទាំងនោះ ដើម្បីទទួលបាននូវប្រយោជន៍ណាមួយ ដោយមិនស្របច្បាប់ ដូច្នេះបុគ្គលនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៦៣០ ខាងលើ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកប្រសិនបើបុគ្គលនោះមិនបានដឹងថា ឯកសារទាំងនោះជាឯកសារសាធារណៈក្លែងទេ នោះជននោះមិនត្រូវបានផ្តន្ទាទោសឡើយ ដោយហេតុថា ជននោះមិនមានចេតនាក្នុង ការប្រព្រឹត្តបទល្មើស ឬប្រើប្រាស់ឯកសារសាធារណៈក្លែងនោះទេ។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕