(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកធ្លាប់ផ្ទុកមេរោគកូវីដ១៩ ចំនួន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីពិនិត្យឃើញអវិជ្ជមាននៃមេរោគនេះ មានន័យថាបានព្យាបាលជាសះស្បើយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា អ្នកជាះសះស្បើយទាំង៥នោះ មានជនជាតិខ្មែរចំនួន២នាក់, ជនជាតិប៊ែលហ្សិកម្នាក់ (គាត់និយាយភាសាបារាំង ធ្វើឲ្យគេច្រឡំថា ជាជនជាតិបារាំង), និងជនជាតិអង់គ្លេស២នាក់។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងមន្ទីរពេទ្យនេះ មានអ្នកផ្ទុកមេរោគកូវីដ១៩ សរុបទាំងអស់ចំនួន១០នាក់ ខណៈអ្នកបានជះស្បើយជនជាតិខ្មែរ ចំនួន២នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ ហើយអ្នកជាសះស្បើយចំនួន៥នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។ លោកបង្ហើបថា អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៣នាក់ទៀត ក៏បានជាសះស្បើយដែរ ដោយសារការធ្វើតេស្តលើកទី១ បង្ហាញថាអវិជ្ជមានមេរោគនេះ ហើយបើសិនជាតេស្តលើកទី២ ក្នុងរយៈពេល ៤៨ម៉ោង បង្ហាញថាអវិជ្ជមានទៀតនោះ ពួកគេក៏នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិត សាមិត្ត ដែលជាអ្នកអនុវត្តន៍ផ្ទាល់ក្នុងការព្យាបាលអ្នកផ្ទុកកូវីដ១៩ បានឲ្យដឹងដែរថា ការព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ បានជោគជ័យដោយសារ មានបច្ចេកទេស២ រួមមាន៖
១៖ ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺដោយថ្នាំប្រឆាំងនឹងមេរោគកូវីដ១៩
២៖ ការអប់រំ ដែលទាក់ទងនឹងការលើកទឹកចិត្ត និងការផ្តល់ចំណីអាហារឲ្យអ្នកជំងឺបានគ្រប់គ្រាន់ និងការឲ្យអ្នកជំងឺបានហាត់ប្រាណ ដែលធ្វើឲ្យរាងកាយពួកគាត់មាំទាំ ធ្វើឲ្យការជាសះស្បើយបានកាន់តែលឿនផងដែរ។
សូមបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួនតែ០១នាក់បន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងមេរោគនេះ នៅក្នុងប្រទេសកម្ពុជា ខណៈមានអ្នកជាសះស្បើយពីកូវីដ១៩ថ្មី រហូតដល់ចំនួន០៨នាក់ ធ្វើឲ្យចំនួនសរុបកើនដល់២១នាក់ និងកំពុងសម្រាកព្យាបាល៨២នាក់ នៃអ្នកឆ្លងសរុប១០៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕