(មណ្ឌលគិរី)៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងតំបន់ និងពិភពលោក, លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការចុះត្រួតពិនិត្យសុខភាព របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ចេញ-ចូល មកកាន់ខេត្តមណ្ឌលគិរី។
ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកអភិបាលខេត្ត អញ្ជើញ ចុះសួរសុខទុក្ខកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការ នៅព្រំប្រទល់ខាង មណ្ឌលគិរី-រតនគិរី ដើម្បីពិនិត្យមើលសុខភាពប្រជាពលរដ្ឋ ក្នុងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រព្រឹត្តិទៅនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីត១៩ ក្នុងការចុះត្រួតពិនិត្យ និងវាស់កំដៅដល់ប្រជាពលរដ្ឋ ហើយអប់រំណែនាំដល់ពួកគាត់ ដែលធ្វើដំណើរចេញចូលពីខេត្តរតនគិរី និងបណ្តាខេត្ត ផ្សេងៗទៀត មកកាន់ខេត្តមណ្ឌលគិរី ឲ្យមានការយល់ដឹង និងវិធានការបង្ការ ទប់ស្កាត់ ការឆ្លងនៃជំងឺដ៏កាចសាហាវនេះ ជាពិសេស ប្រជាពលរដ្ឋដែលមកពីបណ្តា ប្រទេសជិតខាង ត្រូវឲ្យពួកគាត់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន។
លោកបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីរកឃើញ មានការសង្ស័យ ឫផ្ទុកជំងឺកូវីដ១៩នោះទេ ទោះជាយ៉ាងណា អាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ បានអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើការអប់រំផ្សព្វផ្សាយ តាមបំពងសម្លេង និងផ្ទាំងរូបភាព ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្តីពីវិធីកាត់បន្ថយហានិភ័យ ពីការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតអនាម័យខ្លួនប្រាណឲ្យបានស្អាត និងស្តាប់តាមការណែនាំ ដល់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។
នាឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឧបត្ថម្ភភេសជ្ជៈ ទឹកបរិសុទ្ធ និងថវិកាចំនួន ៤០០ដុល្លារ ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការ នៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដើម្បីចាត់ចែកដោះស្រាយការហូបចុកប្រចាំថ្ងៃ ក្នុងពេលចុះយុទ្ធនាការ បង្ការទប់ស្កាត់ និងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះផងដែរ៕