(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តក្រើនរំលឹក និងណែនាំដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តន៍វិធានការអនាម័យ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការចម្លងមេរោគកូវីដ១៩។
តាមរយៈទំព័រ Facebook នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «សូមបងប្អូនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។ គ្រប់គ្នាត្រូវចងចាំថា ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងដ៏កាចសហាវដែលយើងមិនអាចមើលឃើញនឹងភ្នែកឡើយ»។
សម្តេចតេជោ ហ៊ុន សែន បន្តណែនាំដល់ប្រជាពលរដ្ឋឱ្យទម្លាប់យកជាប់ជាមួយខ្លួនដោយដាក់តាមហោប៉ៅ ឬដាក់កាបូបការងារ និងតាមរថយន្តនូវដបទឹកថ្នាំជែលសម្លាប់មេរោគ បាក់តេរី (Hand Sanitizer) ឬដបទឹកអាល់កុល, ម៉ាស ឬក្រមាជាប់តាមខ្លួន ឬជាប់ក្នុងរថយន្ត។ ឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬទឹកថ្នាំចឹលសម្លាប់មេរោគ មុននឹងក្រោយកាន់ ឬស្ទាប ប៉ះពាល់វត្ថុអ្វីមួយនៅខាងក្រៅដែលមិនអាចមើលឃើញផ្ទាល់នឹងភ្នែកថាតើវត្ថុទាំងនោះមានមេរោគឬអត់?
សម្តេចតេជោ ហ៊ុន សែន ណែនាំទៀតថា សូមកុំយកដៃទទេមិនបានសម្អាតជាមុនមកប៉ះភ្នែក, ច្រមុះ ឬមាត់។ ត្រូវពាក់ម៉ាស ឬប្រើក្រម៉ាបើគ្មានម៉ាស ដើម្បីទប់ស្កាត់ការឆ្លងមេរោគពីគេមកខ្លួនឯង និងទៅអ្នកដទៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសពលករពលការនី ដែលទើបវិលមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ កុំទៅជិតឪពុកម្តាយ ប្រពន្ធ ឬ ប្តី ឬកូន ហើយត្រូវរង់ចាំទទួលលទ្ធផលពីការធ្វើតេស្តជាមុនសិនថា តើមានរោគឆ្លង ឬអត់?
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់។ ក្នុងនោះព្យាបាលជា ២១នាក់ហើយ នៅសល់ ៨២នាក់ទៀត កំពុងសម្រាក់ព្យាបាល។ តាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញពីសញ្ញាយ៉ាងល្អមួយសម្រាប់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងរងការរាតត្បាតយ៉ាងពីមេរោគកូវីដ១៩នេះ៕