(ភ្នំពេញ)៖ ដូចយើងដឹងហើយថា វប្បធម៌ចែករំលែក គឺជាវប្បធម៌ដ៏ល្អផូរផង់មួយរបស់ខ្មែរ ដែលប្រជាជនតែងតែផ្តល់ឲ្យគ្នាទៅវិញទៅមក ក្នុងគោលដៅរួមចំណែកធ្វើអំពើល្អក្នុងសង្គម និងជាសកម្មភាព សម្រាប់បង្រៀនកូនចៅជំនាន់ក្រោយ ឲ្យចេះស្រលាញ់ និងជួយដល់អ្នកដទៃទៀត។
ជាទូទៅវប្បធម៌នៃការចែករំលែកនេះ ត្រូវបានបង្ហាញតាមរយៈវិធីផ្សេងៗគ្នា ដោយអ្នកចែករំលែកអាចផ្តល់ជាចំណេះដឹង លុយកាក់ សម្ភារ និងរបស់របរប្រើប្រាស់ជាដើម។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ យុវជនមួយក្រុមបានរៃអង្គាសថវិកា រៀបចំកម្មវិធីចែកសម្ភារបរិក្ខាចាំបាច់ ដើម្បីការពារជំងឺកូវីដ១៩ និងស្បៀងអាហារមួយចំនួន ជូនអ្នករត់ស៉ីក្លូ ជនគ្មានទីពឹង និងជនងាយរងគ្រោះ ខណៈដែលជំងឺមួយនេះ កំពុងរាតត្បាលក្នុងប្រទេសកម្ពុជា ហើយកម្មវិធីចែកអំណោយ បានធ្វើឡើងនៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ។
លោក នួន ភារម្យ តំណាងឲ្យក្រុមការងារ បានថ្លែងថា កម្មវិធីសប្បុរសក្រោមប្រធានបទ «រួមគ្នាដើម្បីសកម្មភាពមនុស្សធម៌» ត្រូវបានធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវក្តីស្រលាញ់ និងបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃរបស់កម្ពុជាយើង ដោយដើរឲ្យស្របតាមសកម្មភាពមនុស្សធម៌ វប្បធម៌ចែករំលែក។ជាពិសេសស្ថិតនៅក្នុងកាលៈទេសៈនេះដែរ នៅលើសាកលលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ កំពុងតែទទួលរងនូវ ការរាតត្បាតមេរោគកូវីដ១៩នេះ។
លោក នួន ភារម្យ បានបញ្ជាក់ថា៖ «ក្នុងនាមយើងទាំងអស់គ្នា ដែលជាយុវជនត្រូវតែបង្ហាញ នូវអ្វីដែលយើងអាចជួយចែករំលែក ក៏ដូចជាជួយកាត់បន្ថយ និងការពារនូវការរាតត្បាតនៅមេរោគមួយនេះ។ ពួកយើងទាំងអស់គ្នា ក៏បានសម្រេចចិត្តរៀបចំជាសម្ភារបរិក្ខាចាំបាច់ដើម្បីការពារ និងស្បៀងអាហារមួយចំនួន សម្រាប់ចែកជូនទៅដល់លោកតាស៉ីក្លូ ជនគ្មានទីពឹង និងជនងាយរងគ្រោះ ដែលងាយប្រឈមខ្លាំង ហើយសម្ភារទាំងអស់នេះ គឺកើតចេញទឹកចិត្តស្រលាញ់ អាណិតអាសូរ របស់បងប្អូនដែលជាសប្បុរសជនពីគ្រប់មជ្ឈដ្ឋានទាំងអស់»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចបានថ្លែងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចុះជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺកូវីដ១៩។ សម្តេចតេជោប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ៕