Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម, សមត្ថកិច្ច ប្រើរថយន្ដពន្លត់អគ្គិភ័យ១១គ្រឿង ដើម្បីអន្ដរាគមន៍បាញ់ពន្លត់

29-03-2020 13:02

(កំពង់ចាម)៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើង បានឆាបឆេះរោងចក្រក្ដារបន្ទះ នៅចំណុចជិតជើងភ្នំស្រី ភ្នំប្រុស ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នានៅវេលាម៉ោង២២៖១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។

ក្រោយពីទទួលបានព័ត៌មាន អំពីហេតុការណ៍ខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំង ចេញប្រតិបត្តិការ ដោយផ្ទាល់ និងបញ្ជាឲ្យចេញរថយន្តអគ្គិភ័យរបស់ខេត្ត និងតាមបណ្ដាស្រុក សរុបចំនួន១១គ្រឿង ចេញប្រតិបត្តិជាបន្ទាន់។

ក្នុងនោះ ដោយមានការដឹកនាំ មកពីសំណាក់លោកអធិការ-អធិការរង ដោយផ្ទាល់ និងត្រូវប្រើប្រាស់ទឹកអស់ចំនួន៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍ វេនប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម១៥០នាក់។

សូមបញ្ជាក់ថា អគ្គិភ័យនេះ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ដោយបានទប់ស្កាត់ មិនបណ្ដាលឲ្យឆាបឆេះរាលដាលបន្ត នៅវេលាម៉ោង០១៖៣៥នាទីយប់ ដែលប្រតិបត្តិការនេះ ចំណាយអស់រយៈពេលជាង៣ម៉ោង។

បើតាមការសាកសួរព័ត៌មាន ពីអ្នកបម្រើការងារក្នុងរោងចក្រ បានឲ្យដឹងថា ដើមហេតុនៃអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែង ផលិតពូក ផ្នែកកណ្ដាល នៃផ្ទៃរោងចក្រ ចំពោះទំហំ នៃការខូចខាត់សមត្ថកិច្ចជំនាញ កំពុងធ្វើការសិក្សា វាយតម្លៃ។

ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ លោកឧត្ដមសេនីយ៍ស្នងការ បានឧបត្ថម្ភ នូវថវិកា ទឹកសុទ្ធ និងអាហារដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងបំពេញភារកិច្ច ក្នុងហេតុការណ៍ខាងលើនេះ សរុបជាថវិកាចំនួន៤,៥០០,០០០រៀល៕