(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំយុវជន ដោយបំពាក់ដោយគ្រឿងបំពង ឃោសនសព្ទ តាមរថយន្ត ម៉ូតូ ចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ នគរបាលប៉ុស្តិ៍ យុវជន ស.ស.យ.ក ខណ្ឌ និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងខណ្ឌចំការមន ដើម្បីចែក និងបិតស្ទីឃ័រ ផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល តាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌចំការមន ។

យុទ្ធនាការដែលដឹកនាំដោយលោកអភិបាលខណ្ឌ នាពេលនេះ គឺឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែង ក្នុងពិធីសំណេះសំណាល ជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្ត កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដោយបានអំពាវនាវដល់ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលដូចជា៖
* កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់
* ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ
* ត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬទឹកចែលសម្លាប់មេរោគនិងបាក់តេរី
* ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំឲ្យឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែកមួយរយៈ * មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត តើវិជ្ជមានឬអវិជ្ជមាន ជាពិសេស អ្នកមកពីបរទេស ឬបងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីក្រៅប្រទេស សូមដាក់ខ្លួនឯងរស់នៅ ដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូន និងក្រុមគ្រួសារសាច់ញាតដាច់ខាត។

តាមការគូសបញ្ជាក់ របស់មន្ត្រីខណ្ឌចំការមន បានឲ្យដឹងបន្ថែមទៀតថា យុទ្ធនាការចុះបិទខិត្តប័ណ្ណ និងបំពាក់ដោយគ្រឿងបំពងឃោសនសព្ទ ផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ នឹងបន្តធ្វើគ្រប់ទីកន្លែងក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប និងចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍ រួមមាន៖

១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។

២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។

៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។

៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕