(ភ្នំពេញ)៖ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅឆ្នាំ២០១៦នេះ នគរបាល និងអាវុធហត្ថ រួមទាំងអាជ្ញាធរ នឹងចាប់ផ្តើមរឹតបន្តឹងដោយពង្រឹង លើការប្រើប្រាស់អាវុធ ឱ្យកាន់តែខ្លាំង នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។
លោកបានថ្លែងថា «ខ្ញុំបានគិតថាឆ្នាំ២០១៦នេះ គឺខ្ញុំបានឯកភាពជាមួយឯកឧត្តម រ័ត្ន ស្រ៊ាង ហើយគឺថានឹងខិតខំពង្រឹងនូវបញ្ហានេះ អ្នកដែលមានអាវុធ យកតាមខ្លួនប៉ុន្មានបើខុសច្បាប់ យោធាប្រគល់ឱ្យ ស៊្រាង (រ័ត្ន ស្រ៊ាង) នគរបាលស៊ីវិលប្រគល់ឱ្យប៉ូលិស អញ្ចឹងយើងសហការជាមួយ លោកអភិបាលខណ្ឌទាំងអស់ ដែលជាប្រធានគណៈបញ្ជាការរដ្ឋបាល ឆែកឆេរអាវុធដែលឆ្លងកាត់ប៉ុន្មាន បើគ្មានសិទ្ធិយកតាមខ្លួនទេ ដកតែម្តង អត់មានប្រគល់ឱ្យទេ»។
លោក ជួន សុវណ្ណ បានលើកឡើងថា កន្លងមកមានករណីមួយចំនួនជនបង្ក គឺជាមន្រ្តីសមត្ថកិច្ច ដែលពុំមានសិទ្ធិយកអាវុធទៅតាមខ្លួន ក្នុងនោះមានករណីករណីបាញ់ សម្លាប់មនុស្ស៣នាក់ នៅខណ្ឌចំការមន និងករណីបងថ្លៃ នៅខណ្ឌសែនសុខជាដើម។
លោកថា «ជនបាញ់បោះកើតចេញពីភ្នំពេញ បច្ចុប្បន្ននេះ គឺសមាសភាពអស់នេះឯង ឆែកអាវុធឃើញស្របច្បាប់ ដល់ពេលចេញទៅបាញ់បោះសេរី»។
លោកក៏បានស្នើឱ្យ អភិបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ស្ថាប័ន និងអង្គភាពនៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីការពង្រឹងការ អនុវត្តវិធានការនេះផងដែរ៕