(ត្បូងឃ្មុំ)៖ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺCOVID 19 ដើម្បីទទួលខុសត្រូវសម្របសម្រួល ណែនាំទៅដល់ប្រជាពលរដ្ឋ ដែលវិលត្រលប់មកពីប្រទេសថៃ ក្នុងការបង្ការនិងទប់ស្កាត់ពីជំងឺដោយនៅដោយឡែករយៈពេល 14ថ្ងៃ ។
ក្នុងនោះដែរ ក៏មានអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក នាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ នៅតាមមូលដ្ឋាននីមួយៗ ពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវមានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមកពីប្រទេសថៃថ្មីៗនេះ ត្រូវអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្តសម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល១៤ថ្ងៃ និងពង្រីកការអនុវត្តតាមដានត្រួតពិនិត្យជាប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តយើងនេះ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញា កូវីដ១៩ ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ក្រុមការងារដែលទទួលខុសត្រូវ សម្របសម្រួលបងបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ
ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះតាមខ្នងផ្ទះ ដែលប្រជាពលរដ្ឋទើបមកពីប្រទេសថៃ ដោយណែនាំ ពួកគាត់ឲ្យដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមនីតិវិធីកំណត់របស់ក្រសួងសុខាភិបាល និងបង្កើនសកម្មភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។
សូមជម្រាបថា៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការ និងបែងចែកក្រុមការងារតាមដានយ៉ាងម៉ត់ចត់បំផុត និងបានគាំទ្រយ៉ាងពេញទំហឹង ចំពោះមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយបានរៀបចំកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង៖
១៖ មន្ទីរពេទ្យបង្អែកពញាក្រែក
២៖ មន្ទីរពេទ្យបង្អែកមេមត់
៣៖ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
៤៖សណ្ឋាគារឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។
នៅទូទាំងខេត្តត្បូងឃ្មុំ អ្នកមានរោគសញ្ញាសង្ស័យផ្ទុកវីរុសកូរ៉ណា មន្ត្រីសុខាភិបាលបានយកសំណាកបានចំនួន៣១៥នាក់ ទៅកាន់វិទ្យាស្ថាប៉ាស្ទ័រ ជាលទ្ធផលក្នុងនោះមានវិជ្ជមាន០៤នាក់។
ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យតាមបែបវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ បានជាសះស្បើយ ហើយក៍បានអនុញ្ញាតឲ្យទៅផ្ទះវិញផងដែរ ប៉ុន្តែមន្ត្រីសុខាភិបាល ក៍នៅតែតាមដានសុខភាពពួកគេ ជាបន្តទៀតផងដែរ៕