(ភ្នំពេញ)៖ បន្ថែមលើយន្តការដែលមានស្រាប់ ធនាគារជាតិនៃកម្ពុជា បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការតាមដាន និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ ធនាគារកណ្តាល ក្នុងអំឡុងពេលដែលកម្ពុជាកំពុងផ្ទុះ នៃការរីករាលដាលវីរុសកូវីដ១៩។

ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា គណៈកម្មការនេះមានភារកិច្ចចម្បង ក្នុងការតាមដាន និងវាយតម្លៃរាល់ហានិភ័យ និងផលប៉ះពាល់ដែលអាចកើតឡើងជាយថាហេតុ ពីការរីករាលដាលវីរុសកូវីដ១៩ មកលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ទន្ទឹមនេះ គណៈកម្មការទទួលភារកិច្ចរៀបចំ ក្របខ័ណ្ឌយុទ្ធសាស្ត្រ, យន្តការ និងផែនការសកម្មភាព ដើម្បីគ្រប់គ្រងហានិភ័យ និងផលប៉ះពាល់ទាំងនោះ សំដៅធានាភាពរឹងមាំ និងនិរន្តរភាពនៃវិស័យធនាគារកម្ពុជា។

ដើម្បីអនុវត្តការងារទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតអនុគណៈកម្មការជំនាញបួន សម្រាប់ជំនួយដល់គណៈកម្មការខាងលើផងដែរ៕