(ភ្នំពេញ)៖ មេដឹកនាំប្រិយសម្ពទ្ធគ្រីស្ទបរិស័ទកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញញាតិ្ដគាំទ្រ របស់ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលនៃកម្ពុជា លើវិធានការការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) និងអំពាវនាវឲ្យគ្រីស្ទបរិស័ទទូទាំងប្រទេស ចូលរួមទប់ស្កាត់ទាំងអស់គ្នា នៃការរីករាលដាល Covid-19។
បើតាមញាត្ដិគាំទ្រ ដែលបណ្ដាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា «យើងខ្ញុំជាប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា សូមគាំទ្រពេញទំហឹង និងចូលរួមអនុវត្ដយ៉ាងម៉ឹងម៉ាត់បំផុត រាលវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) ទាំងឡាយ របស់រាជរដ្ឋាភិបាល នៃកម្ពុជា»។
ក្នុងញាត្ដិគាំទ្រ បានបន្ថែមទៀតថា «យើងខ្ញុំទាំងអស់ សង្ឃឹម និងជឿជាក់ថា យ៉ាងមុតមាំថា រាល់ចំណាត់ការទាំងអស់ នឹងទទួលបានជោគជ័យ អាចកម្ចាត់នូវជំងឺឆ្លងដ៏កាចសាហាវនេះ ឲ្យរសាត់បាត់ពីប្រទេសកម្ពជា ក្នុងពេលឆាប់ៗ ខាងមុខនេះ ជាមិនខាន»។
សូមបញ្ជាក់ថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕