(ភ្នំពេញ)៖ នៅថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំ ម៉ូតូកង់បីចំនួន១២គ្រឿងបំពាក់ដោយគ្រឿងបំពងឃោសនសព្ទ ចុះទៅសហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ខណ្ឌ នគរបាលប៉ុស្ត៍ យុវជនស.ស.យ.ក និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងខណ្ឌដង្កោ ដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល តាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌ។
យុទ្ធនាការរបស់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះគឺឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែង ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដោយបានអំពាវនាវដល់ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬទឹកចែលសម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត តើវិជ្ជមានឬអវិជ្ជមាន ជាពិសេស អ្នកមកពីបរទេស ឬ បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីក្រៅប្រទេស សូមដាក់ខ្លួនឯងរស់នៅ ដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូន និងក្រុមគ្រួសារសាច់ញាត ដាច់ខាត។
តាមការគូសបញ្ជាក់ របស់មន្ត្រីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមទៀតថា យុទ្ធនាការបញ្ចេញ ក្រុមម៉ូតូកង់បីបំពាក់ដោយគ្រឿងបំពងឃោសនសព្ទ ចេញផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះ នឹងបន្តធ្វើគ្រប់ទីកន្លែងដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីឌ-១៩ ទាំងអស់គ្នា៕