(ចិន)៖ ក្រុមហ៊ុន HODO GROUP ដែលជាក្រុមហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ម៉ាស់ចំនួន១លាន ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រើប្រាស់ក្នុងពេលកម្ពុជាកំពុងប្រយុទ្ធនឹងការរីករាលដាលជំងឺកូវី១៩។
ពិធីប្រគល់ម៉ាស់ចំនួន១លាននេះ ត្រូវបានធ្វើឡើងនៅទីតាំងក្រុមហ៊ុន HODO GROUP ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន HODO GROUP និងលោក ទាន សំណាង អគ្គកុងស៊ុលនៃស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ និងលោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ចាប់តាំងពីមានការផ្ទុះឡើងជំងឺកូវីដ១៩ ប្រទេសចិន និងប្រទេសកម្ពុជាបានគាំទ្រគ្នាទៅវិញទៅមក។ ក្នុងនោះវិស័យឯកជននៃប្រទេសទាំងពីរតែងបានធ្វើសកម្មភាពជួយគ្នាទៅវិញទៅមកផងដែរ។ សកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីអត្ថន័យយ៉ាងជ្រាលជ្រៅនៃការកសាងសហគមន៍ជោគវាសនាតែមួយរវាងប្រទេសកម្ពុជា និងចិន។
បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយក្នុងការខិតខំប្រឹងប្រែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សារក្រុហ៊ុន HODO GROUP បានថ្លែងថា ក្រុមហ៊ុន HODO GROUP បន្តយកចិត្តទុកដាក់លើស្ថានភាពវិវឌ្ឍន៍នៃជំងឺកូវីដ១៩នៅកម្ពុជា។
លោក ZHOU HAIJIANG បន្តថា ការផ្តល់សម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ ជាសកម្មភាពជាក់ស្តែងមួយបង្ហាញពីការគោរពដ៏ឧត្តុង្គឧត្តមពីប្រជាជនចិនចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏ជាការបង្ហាញឱ្យឃើញនូវមិត្តភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោក ZHOU HAIJIANG យល់ឃើញថា ការផ្តល់ម៉ាស់នេះ ជាការចូលរួមចំណែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរឹតបន្តឹងចំណងមិត្តភាពចិន-កម្ពុជាយ៉ាងធំធេង។ លោកបន្តថា ក្រុមហ៊ុន HODO GROUP និងក្រុមហ៊ុនតំបន់សេសដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តខិតខំប្រឹងប្រែដើម្បីចូលរួមចំណែកឱ្យចំណងមិត្តភាពចិន-កម្ពុជា ឈានទៅដល់កម្រិតថ្មីៗបន្តែមទៀត។
ការផ្តល់ម៉ាស់ពីសំណាក់ក្រុមហ៊ុនចិននេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតពិសេសមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន HODO GROUP។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសេរនៅក្នុងលិខិតនោះថា «បេសកម្មរបស់កាកបាទក្រហមកម្ពុជា គឺកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជា នឹងចាប់យកឱកាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈរទាំងផ្នែកស្មារតី ទាំងផ្នែកសេដ្ឋការ និងផ្នែកសម្ភារៈពីក្រុមហ៊ុន HODO GROUP ដល់កាកបាទក្រហមកម្ពុជា»។
លោក ទាន សំណាង អគ្គកុងស៊ុលកម្ពុជានៅទីក្រុងសៀងហៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ក្រុមហ៊ុនចិននេះ។ លោកចាត់ទុកកាយវិការនេះ គឺជាការបង្ហាញនូវភាពជាបងប្អូនដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា។ លោកជឿជាក់ថា ម៉ាស់ទាំងនេះពិតជាអាចជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នៅកន្លែងរៀបចំពិធី កេះដាក់ម៉ាស់ដែលត្រៀមនឹងបញ្ចូនទៅប្រទេសកម្ពុជា ត្រូវបានបោះពុម្ពជាមួយទង់ជាតិចិន និងកម្ពុជា ហើយបិទពាក្យមួយឃ្លាថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ចិននិងកម្ពុជារួមចិត្តតែមួយ»។ ម៉ាសដំបូងប្រមាណ ២០ម៉ឺន នឹងត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា ហើយសម្ភារៈដែលនៅសល់ត្រូវបានបញ្ជូនជាបណ្តើរៗ នាពេលក្រោយៗបន្តទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុនតបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបំពេញកាតព្វកិច្ចសង្គមយ៉ាងសកម្ម ដូចជាបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ បង្កើតអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌មិត្តភាពកម្ពុជា-ចិន ដើម្បីជួយសិស្សក្រីក្រ ប្រជាជនក្រីក្រជាដើម ដើម្បីឆ្លើយតបនឹងការគាំទ្រនិងយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធនៃសង្គមកម្ពុជា។
ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាត់វិធានការយ៉ាងឆាប់រហ័ត ដើម្បីផ្តោតទៅលើការរក្សា និងការពារសុខភាពរាងកាយ និងជីវិតរាប់ម៉ឺននាក់ទៀតដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីរួមចំណែកទទួលខុសត្រូវមួយនៅនក្នុងសង្គម ការខិតខំប្រឹងប្រែងដោយពេញទំហឹងដើម្បីកសាង «របាំងទប់ស្កាត់» ជំងឺកូវីដ១៩ រីករាលដាលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ទន្ទឹមនឹងនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានដើរតួនាទីជាស្ពានយ៉ាងពេញលេញក្នុងកិច្ចសហការជាមួយក្រុមហ៊ុន HODO GROUP ក្នុងការផ្តល់ជំនួយម៉ាសចំនួនមួយលាន។ ទាំងនេះ គឺជាសកម្មភាពជាក់ស្តែងមួយបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តក្នុងការរួមដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនពលរដ្ឋកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។ នេះជាភុស្តតាងដ៏រឹងមាំមួយទៀត នៃកសាងស្ពានមិត្តភាពរវាងប្រទេសចិន-កម្ពុជា៕
លោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
លោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន HODO GROUP
លោក ទាន សំណាង អគ្គកុងស៊ុលកម្ពុជានៅទីក្រុងសៀងហៃ