(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺ COVID-19 ព្រមទាំងចែកម៉ាស និងទឹកអាកុលជូនដល់អាជ្ញាធរឃុំ ប្រជាពលរដ្ឋរស់នៅក្នុងឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ។
ឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណាប្រភេទថ្មី(COVID-19)។
លោកបានបន្តថា COVID-19 មានរោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម និងអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាង COVID-19។
នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា មានផ្ទុកវីរុស COVID-19 ឬអត់។
វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺមានលក្ខណៈដូចគ្នាដូចជាលាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។
លោកបានបញ្ជាក់ថា វីរុសកូរ៉ូណាប្រភេទថ្មី(COVID-19) អាចឆ្លងតាមរយៈដំណក់ទឹកតូចៗតាមមាត់ ច្រមុះ ផ្លូវដង្ហើម ពេលដែលអ្នកផ្ទុកមេរោគ ក្អក ឬកណ្តាស់ ហើយតំណក់ទឹកតូចៗទាំងនោះមកប៉ះភ្នែក ច្រមុះ ឬមាត់ បន្ទាប់ពីប៉ះពាល់ជាមួយអ្នកដែលមានមេរោគ ឬបន្ទាប់ពីការប៉ះពាល់ជាមួយរបស់របរប្រើប្រាស់ ឬផ្ទៃវត្ថុដែលមានមេរោគទុំលើ។
ម៉ាសធម្មតាតែមួយមុខមិនអាចការពារប្រឆាំងនឹងការឆ្លងបានទេ ដើម្បីជៀសវាងការឆ្លងវីរុស COVID-19 រួមមាន៖
ទី១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល
ទី២៖ ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត
ទី៣៖ ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ (ត្រូវនៅឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ)
ទី៤៖ ទៅជួបគ្រូពេទ្យប្រសិនបើក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
ជាមួយគ្នានេះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអំពាវនាវដល់អាជ្ញាធរឃុំ ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុង ដែនសមត្ថកិច្ចរបស់អាជ្ញាធរ ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូក្រាម មី ១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០១យួរ ។
ដោយឡែកប្រជាពលរដ្ឋក្រីក្រនៅឃុំគោកត្រប់ និងឃុំត្រពាំងវែង ដែលមិនបានមកទទួលផ្ទាល់ មានចំនួន១៧៤គ្រួសារ ទទួលបានអង្ករ ១៥គីឡូក្រាម និងថវិកា ៣ម៉ឺនរៀល ព្រមទាំងនាំយកថវិកាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពចំនួន០៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ២០ម៉ឺនរៀល និងផ្តល់ជូនវិទ្យុទាក់ទងដល់អាជ្ញាធរឃុំគោកត្រប់ចំនួន១០គ្រឿងបន្ថែមទៀតផងដែរ ដែលចំណាយថវិកាសរុមចំនួន ១៩ ១០៤ ០០០ រៀល។
ជាមួយគ្នានោះ លោក បានប្រគល់ថវិកាចំនួន ២៥០០ ដុល្លារ ដល់តំណាងក្រុមហ៊ុន ជួសជុលផ្លូវដែលជាកិច្ចបញ្ចប់ នៃការជួសជុលផ្លូវមួយខ្សែ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ៤៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយកើត ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល៕