(ព្រះវិហារ)៖ លោក សុខ សាន្តតារា អភិបាលស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមយុវជនជាច្រើនរូប ធ្វើការសហការជាមួយអជ្ញាធរភូមិឃុំ បានបើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនប្រទេសឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ឲ្យចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩។
លោកអភិបាលស្រុកឆែប បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត អាជ្ញាធរស្រុកឆែបបានបិទមិនឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលទៅក្នុងប្រទេសឡាវទេ។
លោកបញ្ជាក់ថា «ការបិទនេះ យើងបានអនុវត្តក្រោយប្រទេសឡាវ បានន័យថា ឡាវបិទមុនយើង តែទោះជាយ៉ាងណាវិធានការនេះ គឺដើម្បីការពារប្រជាពលរដ្ឋ នៃប្រទេសទាំងពីរពីជំងឺកូវីដ-១៩តែប៉ុណ្ណោះ ហើយអាជ្ញាធរស្រុកឆែបខេត្តព្រះវិហារ និងស្រុកមឿងខូងខេត្តចំប៉ាសាក់នៅតែបន្តកិច្ចសហការជាមួយគ្នាដូចធម្មតា»។
លោក សុខ សាន្តតារា បានបញ្ជាក់ឲ្យដឹងទៀតថា «យុទ្ធនាការដែលយើងធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនឡាវនៅពេលនេះ គឺចង់អោយពួកគាត់អនុវត្តឲ្យបានទៀងទាត់ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចជាថែរក្សាអនាម័យ លាងដៃ និងសាប៊ូ ឫបាញ់ទឹកអាល់កុល ក្រោយពេលដែលយើងបានប៉ះពាល់របស់ផ្សេងៗ ជាមួយគ្នានោះត្រូវពាក់ម៉ាស រាល់ពេលធ្វើដំណើរនិងទៅទីប្រជុំជនផ្សេងៗ»។
លោកអភិបាលស្រុកឆែប ក៏បានណែនាំដល់លោកមេភូមិ លោកមេឃុំ ត្រូវក្តាប់ឲ្យបានស្ថិតិបងប្អូនប្រជាពលរដ្ឋយើង ដែលទើបវិលត្រឡប់មកពីប្រទេសជិតខាង ត្រូវធ្វើការអប់រំ ណែនាំឲ្យគាត់នៅ ដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ពិសេសគឺការពារកុំឲ្យឆ្លងដល់ក្រុមគ្រួសារ។ ទន្ទឹមនឹងនោះក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយសារអប់រំ របស់ក្រសួងសុខាភិបាល ឲ្យបាន ច្រើនដង ចំពោះគោលដៅភូមិណាមួយដែលមានបងប្អូនយើងទើបវិលត្រឡប់ពីប្រទេសជិតខាង៕