(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកអង្គស្នួល បានធ្វើការចាប់ខ្លួនសង្ឃក្លែងក្លាយ ៦នាក់ រួមទាំងអ្នកដឹកជញ្ជូនសង្ឃទាំងនោះម្នាក់ទៀត សរុប៧នាក់បន្ទាប់ ពីកម្លាំងសមត្ថកិច្ចបានធ្វើការសហការ ជាមួយកម្លាំងប៉ុស្តិ៍រហូតកំណត់មុខ សញ្ញាក្រុមជនទុច្ចរិតទាំងនោះ ដែលក្លែងបន្លំខ្លួន ធ្វើជាព្រះនិមន្តបិណ្ឌបាតឆរបោក ទៅលើប្រជាពលរដ្ឋ ទើបកម្លាំងធ្វើការចាប់ខ្លួន ចាត់ការតាមផ្លូវច្បាប់តែម្តង។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកអង្គស្នួល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះថា ការចាប់ខ្លួនព្រះសង្ឃក្លែងក្លាយខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧៖៣០នាទី ចំណុចផ្ទះសំណាក់ «ម៉ាហេង» ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ ដែលឃាត់ខ្លួនរួមមាន៖
១៖ ឈ្មោះ ទៀប សុខម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត ភូមិខ្នុរ ឃុំកំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង។
២៖ ឈ្មោះ សេះ ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត រស់នៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។
៣៖ ឈ្មោះ សន ឆឺត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
៤៖ ឈ្មោះ ច្រឹប មាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
៥៖ ឈ្មោះ ហ៊ុន រុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
៦៖ ឈ្មោះ សន ទីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
៧៖ ឈ្មោះ ឈៀង ឆវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងនោះ ដកហូតវត្ថុតាង ទូរស័ព្ទចំនួន៣គ្រឿង រថយន្តម៉ាកកាមរី ពណ៌សំបកឪឡឹក១គ្រឿង សេរីឆ្នាំ៩៥ពាក់ផ្លាកលេខភ្នំពេញ 3E-7988 បាត្រចំនួន៥ ឆ័ត្រចំនួន៤ កូនកាំបិតចុងស្រួចចំនួន១ សាកកាដូចំនួន៧ ស្បង់ចីវរចំនួន៦កំភ្លេរ និងឧបករណ៍ប្រើប្រាស់សារធាតុញឿនមួយចំនួន។
លោក ថាច់ សុវណ្ណា បានបន្តថា ដំណើររឿងនៅមុនពេលកើត នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅផ្ទះសំណាក់ខាងលើ មានមុខសញ្ញាគួរ ឲ្យសង្ស័យ ទើបសហការជាមួយប៉ុស្តិ៍លំហាច ប៉ុស្តិ៍ឆក់ឈើនាង ប៉ុស្តិ៍ព្រៃពួច ដោយមានការចង្អុលបង្ហាញពីលោក ឈឿន សុចិត្រ ស្នងការនគរបាល ខេត្តកណ្តាល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង មានការចូលរួមពីរដ្ឋបាលសាលាស្រុកអង្គស្នួល លោកមេឃុំលំហាច ចុះដល់ផ្ទះសំណាក់យីហោ«ម៉ាហេង» ត្រួតពីពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ ដែលមានខាងលើ គឺជាសង្ឃក្លែងក្លាយ និងជាប់ពាក់ព័ន្ធការប្រើប្រាស់ គ្រឿងញៀនទៀតផង ទើបកម្លាំងធ្វើឃាត់ខ្លួនតែម្តង។
លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា ខ្លួនបានស្គាល់គ្នា តាមឆាតហើយបានណាត់ជួបគ្នា ជួបជុំនៅកំបូលដោយជួលរថយន្តសំរាប់ដឹក ដើរបិណ្ឌបាត្រក្នុង១នាក់ យកតម្លៃ២០០០០រៀល ហើយខ្លួនចាប់ផ្តើមដើរបិណ្ឌបាត្រ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ចាប់ផ្សារថ្នល់ទទឹងដល់កំបូល និងប្តូរខោអាវ នៅលើរថយន្ត។
បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកអង្គស្នួល កំពុងកសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ៕