(កណ្ដាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅឃុំឃ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កុំជឿលើសារជាសំឡេងណាមួយ ឬព័ត៌មានញុះញង់ណាមួយដែលបានចែកចាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងវីរុស COVID-19 សម្រាប់ព័ត៌ពិតនឹងវីរុសនេះ គឺមានតែក្រសួងសុខាភិបាល និងអង្គភាពព័ត៌មានធំៗមួយចំនួន ជាពិសេសអង្គភាពព័ត៌មាន Fresh News។
ការបញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីសភាពការណ៍ព័ត៌មានករណីវីរុស COVID-19នេះ របស់លោក តាំង ម៉េងលាន បានធ្វើឡើងនៅក្នុងឱកាសដែលលោករួមជាមួយលោក ពេជ្រ វាសនា ក្រុមការងារឃុំឈ្វាំង បានចុះជួបសំណេះសំណាល ជាមួយប្រជាជនតាមខ្នងផ្ទះ ស្តីពីវិធានការការពារ និងអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតពាស ពេញពិភពលោក ព្រមទាំងចែកអំណោយដល់ពួកគាត់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ។
លោកអភិបាលរងខេត្ត បានប្រាប់មន្រ្តីត្រូវតែបង្កើនការអប់រំណែនាំពលរដ្ឋទាំងអស់ ឱ្យមានការអនាម័យជាប្រចាំ ឧស្សាហ៍លាងសាប៊ូ ឬបាញ់ទឹកអាល់កុល ពាក់ម៉ាស់ ហូបស្អាត រស់នៅស្អាត ផឹកស្អាត ដើម្បីចូលរួមទប់ស្កាត់ COVID-19 ទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក តាំង ម៉េងលាន បានលើកឡើងថា ក្រុមការងារបាននាំយកសាប៊ូលុច្សចំនួន ៩,៨៦០ដុំ ចែកជូនដល់គ្រួសារចំនួន ២,៤៦៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានសាប៊ូចំនួន ៤ដុំ ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមការណែនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្តាល។
គួរជម្រាបថា នៅខេត្តកណ្ដាល មានមនុស្ស ២រូបហើយកំពុងផ្ទុកវីរុស COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខណៈមនុស្សសង្ស័យចំនួន ២៨នាក់ កំពុងដាក់ឱ្យស្នាក់នៅក្នុងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដើម្បីតាមដានក្រែងលោមានផលវិជ្ជមាន។ ក្នុងចំណោមមនុស្សទាំង ២៨នាក់នោះ មានជនជាតិវៀតណាម ចំនួន ១៥នាក់ផងដែរ៕