(ភ្នំពេញ)៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ ក្នុងនាមដើមបណ្តឹង ដែលប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពីបទបរិហារកេរ្តិ៍។
យោងតាមដីកាកោះ ដែលចេញដោយ លោក មាស ច័ន្ទពិសិដ្ឋ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ដែលលោក សួន សេរីរដ្ឋា គណបក្សអំណាចខ្មែរ អះអាងថា ទើបទទួលបាននៅរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ បានបង្គាប់ឱ្យលោក សួន សេរីរដ្ឋា ចូលទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា វេលាម៉ោង៩៖០០ព្រឹក ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់ខ្លួន។
តុលាការក៏បង្គាប់ឱ្យលោក សួន សេរីរដ្ឋា ចូលខ្លួនឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង។
សូមជំរាបថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទ«បរិហាកេរ្តិ៍» បន្ទាប់ពី លោក ហោ ណាំហុង បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួបជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា សមាជិករបស់គណបក្សអំណាចខ្មែរ ធ្លាប់ធ្វើភេរវកម្ម ដែលជារឿងប៉ះពាល់ដល់កិត្តិយសរបស់គណបក្សអំណាចខ្មែរ។
ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មេធាវីការពារក្តីឱ្យឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងប្រាប់ Fresh News ថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ៕