(កណ្តាល)៖ ប្រជាពលរដ្ឋចំនួនពីរភូមិ ដែលមានដីជាប់ផ្ទៃបឹងក្នុងភូមិអន្លង់ និងភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល បានចោទប្រកាន់អាជ្ញាធរថ្នាក់ស្រុក ថា បាននិងកំពុងឃុបឃិតជាមួយឈ្មួញ លុបបឹងធម្មជាតិដែលជាសម្បត្តិរួមក្នុងមូលដ្ឋានរបស់ពួកគាត់។
ប្រជាពលរដ្ឋម្នាក់ បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកមានការសោកស្តាយ និងព្រួយបារម្ភចំពោះការបាត់បង់បឹងធម្មជាតិដែលជាសម្បត្តិរួមក្នុងភូមិនេះណាស់។ លោកថា « ខ្ញុំអាយុជិត ៤០ឆ្នាំហើយ កើតមកឃើញបឹងនេះតែម្តង។ បឹងនេះធំណាស់កាលពីមុន (ទំហំ អាចពី៣ ទៅ៤ហិកតា ឯណោះ) តែឥឡូវកាន់តែរួមតូចទៅៗ ដោយសារប្រជាពលរដ្ឋនៅជាប់បឹងនេះ ចេះតែទន្រ្ទានចូលដីបឹង ហើយបច្ចុប្បន្ន កំពុងមានឈ្មួញចាក់ដីលុបយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនទៀត»។
យ៉ាងណាក៏ដោយ អភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះថា លោកនឹងបើវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួម និងដោះស្រាយបញ្ហានេះ។ លោកថា រហូតមកដល់ពេលនេះ លោកបានបញ្ជាមិនឲ្យមានសកម្មភាពចាក់ដីបឹងធម្មជាតិទាំងនេះតទៀតឡើយ។
ប្រជាពលរដ្ឋបានបន្តថា អ្នកទិញដីបឹងឈ្មោះ ពោច សួរ បានត្រូវរូវគ្នាជាមួយមេភូមិ មេឃុំ រហូតដល់ថ្នាក់លើផ្សេងទៀត បានជាការលុបនេះមិនមានការប្រជុំ ឬធ្វើវេទិកាសាធារណៈ ឲ្យប្រជាជនក្នុងភូមិបានដឹង បានឮសោះ។
ប្រជាពលរដ្ឋម្នាក់ទៀត នៅភូមិបឹងក្រចាប់ជើង បានលើកឡើងថា «ខ្ញុំយល់ថា ការធ្វើនេះមិនមានតម្លាភាពសម្រាប់អ្នកភូមិ។ ខ្ញុំមើលឃើញហេតុផលជាច្រើន ដែលមិនត្រូវលុបបឹងនេះ ទាល់តែសោះ ព្រោះបឹងនេះជាកន្លែងដោះទឹកយ៉ាងសំខាន់សំរាប់ភូមិនៅរដូវវស្សា ជាកន្លែងស្តុកទឹកសំរាប់ស្រោចស្រពដំណាំ និងការប្រើប្រាស់ទឹកក្នុងមធ្យោបាយផ្សេងៗទៀត របស់អ្នកភូមិ ជាជម្រកត្រី និង សត្វពាហនៈជាដើម។ បើការលុបបឹងនេះ ក្នុងរូបភាពនៃការដោះដូរ ឬរូបភាពនៃការអភិវឌ្ឍអ្វីមួយ ខ្ញុំគិតថាក៏វាមិនត្រូវដែរ ព្រោះអាជ្ញាធរ គេមានកញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិឃុំរបស់គេ»។
គាត់បានបន្តថា «បើលុប គឺយើងបាត់បង់បឹងទៅឈ្មួញទាំងស្រុង តែបើឈ្មួញស្តារយកដី ក៏យើងនៅបឹងសម្បូរទឹក សម្បូរត្រីដែរ។ ខ្ញុំ គាំទ្រលើការស្តារជាងការលុបបឹង។
ខ្ញុំ ចង់ឱ្យរក្សាបឹងនេះដូចដើម ឬក៏ឈ្មួញស្តារយកតែអាចម៍ដីបាន ធ្វើដូចនេះគឺយើងជាប្រជាពលរដ្ឋបានបឹង មានទឹកច្រើនផង និងមិនបាត់បង់ផ្ទៃបឹងដែរ ចំណែកឈ្មួញគេអាចយកអាចម៍ដី សំរាប់អាជីវកម្មរបស់គេបាន»៕