(ស្ទឹងត្រែង)៖ ជនជាតិដើមភាគតិច «ព្នង» នៅភូមិក្បាលរមាសថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបិទផ្លូវចូលភូមិ តាមប្រពៃណីជនជាតិដើមភាគតិចរបស់ខ្លួន តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពោលរយៈពេល ៧ថ្ងៃបានទើបបើកវិញ។ ការធ្វើបែបនេះរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីទប់ស្កាត់ជំងឺ COVID-19 ស្របពេលដែលប្រទេសកម្ពុជា កំពុងតែរាតត្បាតដោយវីរុសកាចសាហាវមួយនេះ។
បើតាមការឱ្យដឹងរបស់លោក រឿន សម្បត្តិ ជាមេឃុំក្បាលរមាស បានបញ្ជាក់ថា ការបិទភូមិនេះ គឺប្រជាពលរដ្ឋ និងជនជាតិដើមភាគតិច «ព្នង» បានរៀបចំធ្វើឡើង ក្នុងគ្រាមានអាសន្ន មានអាសន្នរោគ និងជំងឺឈឺថ្កាត់នៅក្នុងភូមិ ដោយពួកគេតែងតែធ្វើពិធីបុណ្យភូមិ ហើយបន់ស្រន់ អារ័ក្សអ្នកតា រួចហើយ ពួកគេក៏នាំគ្នាបិតផ្លូវតែម្ដង ការតំណមមិនឱ្យមនុស្សចេញចូល រយៈពេល ៧ថ្ងៃ។ ក្នុងករណីដែលមានមនុស្សម្នាក់ចេញចូល គេត្រូវផាកពិន័យ ហើយមិនមានករណីលើកលែងចំពោះអ្នកភូមិ ដែលចេញចូលមិនឱ្យរំលងអាធ្រាត្រ បើអ្នកភូមិមួយណាសេរី គឺមេកន្ទ្រាញត្រូវតែកាត់ការចោល។
តែទាំងយ៉ាងណា លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បានសម្ដែងការសោកស្ដាយ ដែលអ្នកភូមិក្បាលរមាស ប្រកាន់នូទំនៀមទំលាប់ជនជាតិដើមភាគតិច ហើយផាកពិន័យ ទៅលើជនចំណាកស្រុកថ្លៃពេក។ ក្នុងករណីដែលជនចំណាកស្រុក អត់យល់ដឹងអំពីប្រពៃណីពួកគាត់ ហើយចូលទៅក្នុងភូមិត្រូវបានអ្នកភូមិពិន័យរហូត ៧០ម៉ឺនរៀល។
លោកបញ្ជាក់ថា លោកនឹងអញ្ជើញមេកន្ទ្រាញ និងមេភូមិទាំងអស់ធ្វើការអប់រំណែនាំបន្ថែមទៀត ដើម្បីបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលរកស៊ីតាមក្នុងភូមិ និងតំបន់របស់ខ្លួន ធ្វើដំណើរចូលធម្មតា៕