(ភ្នំពេញ)៖ បុរសសង្ស័យពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ សហការណ៍និងកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាបនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា យុវជនសង្ស័យទាំងបីនាក់៖ ទី១-ឈ្មោះសុខ ម៉េង អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់, ទី២-ឈ្មោះសាណា រ៉ាផាត់ អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ ម៉ាន់ ភ្លី អាយុ៣៤ឆ្នាំ ដោយអ្នកទាំង៣ ស្នាក់នៅក្បែរចំណុចកើតហេតុ។
អធិការរងខណ្ឌឫស្សីកែវលោក អ៉ីវ ឈុនភេង បានបញ្ជាក់ថា ក្រោមការបញ្ជាពីរលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវ ឈានដល់ការបង្ក្រាប ដោយកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ខាងលើ ហើយសមត្ថកិច្ចបានដកហូត វត្ថុតាងគ្រឿងញៀនចំនួន៩កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ថង់តូច និង៦កញ្ចប់ថង់ធំល្មម រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ ជនជាប់សង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ រួមវត្ថុតាងបាន និងកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕