(ភ្នំពេញ)៖ «បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ» បានស្នើសមត្ថកិច្ចស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានការទៅលើម្ចាស់គណនី Facebook ឈ្មោះ «ខ្មែរ សរ» ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរ។

សំណើរបស់ «បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ» បានធ្វើឡើង បន្ទាប់ពីគណនី Facebook ឈ្មោះ «ខ្មែរ សរ» នេះ បានយករូបថតនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការដាក់លើ Profile ហើយផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើសកម្មភាពខុសនឹងច្បាប់របស់កម្ពុជា។

ឧត្តមសេនីយ៍ទោ ឈុន ហុង អ្នកនាំពាក្យ «បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ» បានថ្លែងថា ការធ្វើសកម្មភាពរបស់ម្ចាស់គណនី Facebook នេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ហើយបង្កឱ្យមានភាពវឹកវរដល់សង្គមជាតិថែមទៀតផង។

ឧត្តមសេនីយ៍ទោ ឈុន ហុង បានឱ្យដឹងថា ពាក្យបណ្តឹងឱ្យចាត់វិធានការលើម្ចាស់គណនី Facebook នេះ ត្រូវបានដាក់ទៅស្ថាប័នមានសមត្ថកិច្ចរួចរាល់ហើយ។ ទន្ទឹមនឹងការអំពាវនាវដោយទទូចហើយនោះ លោកឧត្តមសេនីយ៍ទោ ឈុន ហុង សង្ឃឹមយ៉ាងមុតមាំទៅលើអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការលើម្ចាស់គណនី Facebook មួយនេះ ព្រោះគេបានធ្វើសកម្មភាពបែបនេះជាយូរមកហើយ៕