(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានប្រគល់ថវិកាសមាជិកសមាគម មិត្តនគរបាលជាតិ ដល់ក្រុមគ្រួសារសពនគរបាល២គ្រួសារ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋាន និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលជាតិ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។
ក្រុមគ្រួសារសពដែល មកទទួលថវិកាសមាគម មិត្តនគរបាលជាតិ ទី១-លោកអនុសេនីយ៍ទោ សំរិទ្ធិ បូរ៉ាន់ មន្ត្រីចូលនិវត្តន៍ និងទី២-លោកអនុសេនីយ៍ទោ ជ័យ ពិសិដ្ឋ ដោយ១គ្រួសារៗ ទទួលបាន៤ ០០០ ០០០រៀល (បួនលានរៀល)។
ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន បានសម្តែងនូវទុក្ខក្រៀមក្រំ ចំពោះការបាត់បង់កម្លាំងនគរបាល ដែលកន្លងមកបានខិតខំ បំពេញការងារជូនអង្គភាពយ៉ាងសកម្ម និងសូមចូលរួមសោកស្តាយបំផុត ក្នុងការបាត់បង់ជំហរគ្រួសារ។
ដោយឡែកគ្រួសារសព ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចក្រឡាហោមស ខេង និងនាយឧត្តមសេនីយ៏ នេត សាវឿន ដែលតែង តែយកចិត្តទុកដាក់គិតគូរ សុខទុក្ខដល់ពួកគាត់ទាំងអស់គ្នា និងសូមជូនពរមានសុខភាពល្អ ដើម្បីជួយដឹកនាំប្រទេស ឱ្យមានការអភិវឌ្ឍន៍៕