(ឥណ្ឌា)៖ ជើងហោះហើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ក្នុងគោលបំណងឆ្ពោះទៅកាន់ទីក្រុង Istanbul ប្រទេសតួកគី ត្រូវបានហៅត្រឡប់មកពីផ្លូវហោះឡើង នៅអាកាសយាន្ដដ្ឋានក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌាវិញ នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីទូរស័ព្ទមិនមានម្ចាស់មួយគ្រឿង ត្រូវបានរកឃើញនៅលើកៅអី នៃយន្តហោះប្រភេទ Boeing 777 នេះបើតាមព័ត៌មាន NDTV របស់ឥណ្ឌាចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ។
យន្តហោះត្រូវបានវិលត្រឡប់ មកកាន់កន្លែងឈប់វិញ ហើយគ្រប់អ្នកធ្វើដំណើរទាំងអស់ ត្រូវបានឲ្យចេញពីយន្តហោះ ដើម្បីធ្វើការត្រួតពិនិត្យ ឲ្យបានម្មត់ចត់។ «ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ឆ្ពោះទៅកាន់ទីក្រុង Istanbul ត្រូវបានហៅមកពីផ្លូវហោះឡើងវិញ នៅឯអាកាសយាន្តដ្ឋាន Mumbai បន្ទាប់ពីវត្ថុគួរឲ្យសង្ស័យមួយ ត្រូវបានគេរកឃើញនៅលើយន្តហោះ»។ នេះបើតាមសម្តីអ្នកនាំពាក្យអាកាសយាន្តដ្ឋាន Mumbai បានបញ្ជាក់យ៉ាងដូច្នេះ។
ប្រភពខាងលើបន្តថា វាគឺជាទូរស័ព្ទចល័តមួយគ្រឿង ដែលបង្ខំឲ្យអ្នកបើកបរយន្តហោះ វិលត្រឡប់មកកាន់កន្លែងឈប់ របស់យន្តហោះវិញ។ បន្ទាប់ពីមានការត្រួតពិនិត្យច្បាស់លាស់ យន្តហោះត្រូវបានអនុញ្ញាតឲ្យហោះហើរធម្មតាវិញ៕