(ភ្នំពេញ)៖ យ៉ាងហោចណាស់ទណ្ឌិត១៥៥នាក់ ត្រូវបានធ្វើសំណើដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ក្នុងការបន្ថូរបន្ថយ និងលើកលែងទោស នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ។
លោក គឹម សន្តិភាព បានឲ្យដឹងថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ខាងមុខនេះ លើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩នាក់ (ស្រី៤៣នាក់) ជាលទ្ធផលអង្គប្រជុំបានសម្រេច ធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប១៥៥នាក់ (ស្រី១៨នាក់) ដែលក្នុងនោះ៖
* បន្ថយទោស៦ ខែ ចំនួន ៤៥នាក់ (ស្រី១០នាក់)
* បន្ថយទោស៩ ខែ ចំនួន ៣៥នាក់ (ស្រី០១នាក់)
* បន្ថយទោស១២ខែ ចំនួន ៤៨នាក់ (ស្រី០៤នាក់)
* លើកលែងទោស ចំនួន ២៧នាក់ (ស្រី០៣នាក់)។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិត សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ បើតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ មានទណ្ឌិតសរុប៣៩៩ នាក់ (ស្រី ៤៣នាក់) ស្នើដោយពីគណៈកម្មការរាជធានី-ខេត្តចំនួន២២ (ពន្ធនាគារ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤) ដើម្បីដាក់ជូនក្រសួងយុត្តិធម៌ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ត្រួតពិនិត្យ មុននឹងដាក់ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើថ្វាយព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោស។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៩ កន្លងទៅនេះ មានអ្នកទោសចំនួន១៣៤នាក់ ត្រូវបានរាជរដ្ឋាភិបាល សម្រេចស្នើថ្វាយព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយ និងលើកលែងទោស។ ក្នុងចំណោមអ្នកទោសដែល១៣៤នាក់នោះ រួមមាន៖ ស្នើបន្ថយទោស៦ខែ៖ ៥៧នាក់ (ស្រី៦នាក់), ស្នើបន្ថយទោស៩ខែ៖ ១៩នាក់(ស្រី២នាក់), ស្នើបន្ថយទោស១២ខែ៖ ៤០នាក់(ស្រី១៧នាក់), ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ៖ ២នាក់ (ស្រី២នាក់) និង ស្នើលើកលែងទោស: ១៦នាក់ (ស្រី១នាក់)៕