(តាកែវ)៖ ប្រធានក្រុមហ៊ុន Printing Jell លោក Kim Jong Lee និងសហការីរបស់ខ្លួននៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៦នេះ បានប្រគល់ថវិកា និងសម្ភារៈមួយចំនួន សរុបប្រមាណជាង ១ម៉ឺនដុល្លារ សម្រាប់ជួសជុល អគារសិក្សាមួយខ្នង ដែលមានប្រាំបន្ទប់ និងសម្ភារៈមួយចំនួនធំទៀត ដើម្បីបំពេញតម្រូវការដល់សិក្សា របស់សិក្សានុសិស្សនៅទីនោះ។
លោក Kim Jong Lee ដែលមានសញ្ជាតិជា ជនជាតិកូរ៉េមួយរូប ដែលតែងតែ ជួយរាល់ការលំបាករបស់ពលរដ្ឋកម្ពុជា កន្លងមកនេះ បានថ្លែងឲ្យដឹងថា មូលហេតុដែលលោក ផ្ដល់ថវិកា និងសម្ភារៈមួយចំនួន មកដល់សាលាបឋមសិក្សាព្រៃបាយ ដែលស្ថិតនៅ ភូមិតោកដូង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្ដតាកែវនេះ ព្រោះតែលោកសម្លឹងឃើញថា សាលានេះ មានសភាពទ្រុឌទ្រោម យ៉ាងខ្លាំង និងខ្វះខាតសម្ភារៈជាច្រើនទៀត សម្រាប់ប្អូនៗកុមារា កុមារី និងលោក គ្រូ អ្នកគ្រូ ផងដែរ។
លោក បន្ដថា«ខ្ញុំនឹងបន្ដជួយជាបន្ដបន្ទាប់ទៀត ទាំងថវិកា និងសម្ភារៈ ដើម្បីចូលរួមចំណែករាល់ការលំបាក នៅក្នុងសាលានេះ ដោយផ្ដល់ទាំង សាលា ថវិកា សម្ភារៈ និងតម្រូវការជាច្រើន ធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលក្នុងការបង្រៀន និងការសិក្សារបស់សិក្សានុសិស្សនៅទីនេះ ព្រោះយុវជន ជាទំពំាង ស្នងឬស្សី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ»។
លោក បន្ថែមថា ទោះរូបលោកមិនមែនជាកូនខ្មែរ តែលោកបានរស់ទីនេះ អស់រយៈពេលយូរណាស់មកហើយ ដូច្នេះលោក ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការចូលរួមចំណែក ចែករំលែករាល់ការលំបាករបស់ពលរដ្ឋខ្មែរ តាមអ្វីដែលលោកអាចធ្វើបាន ដោយក្នុងនោះក៏បានផ្ដល់ការងារ ដល់កូនខ្មែរជាច្រើន ផងដែរកន្លងមកនេះ។
ក្រៅពីនេះ លោក ក៏បានចូលរួមចំណែក ជួយនៅការលំបាករបស់កូនខ្មែរ តាមរយៈកាកបាទក្រហមកម្ពុជា ដែលតែងតែដើរតួយ៉ាងសំខាន់ក្នុងការ ជួយរាល់ទុក្ខលំបាករបស់ប្រជារាស្រ្ដ នៅទូទាំង២៥ ខេត្ដក្រុង ថែមទាំងជួយសាងសង់ផ្ទះ និងសម្ភារៈជាច្រើន ដែលសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Printing Jell ដែលជាក្រុមហ៊ុនបោះពុម្ព នូវអាវគ្រប់ប្រភេទ ទៅតាមតម្រូវការទីផ្សារ ទំាងក្នុង នឹងក្រៅប្រទេសមួយនេះ ក៏បានមានវត្ដមាននៅកម្ពុជា ជាង១០ឆ្នាំមកហើយ រួមទាំងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ គ្រប់ទីកន្លែង៕