(ត្បូងឃ្មុំ)៖ អ្នកជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំទាំង០៤នាក់ បានជាសះស្បើយអស់ហើយ ខណៈមន្ត្រីសុខាភិបាល នៅតែបន្តតាមដានសុខភាពពួកគេ និងបន្តយកសំណាកពលរដ្ឋ ដែលមានរោគសញ្ញាសង្ស័យ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំឲ្យដឹងបែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ ស្តីពីបច្ចុប្បន្នភាព ជំងឺកូវីដ១៩(Covid-19) នៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅមណ្ឌលសុខភាពទឹកជ្រៅ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់របស់ លោក កែវ វណ្ណៈ ទូទាំងខេត្តត្បូងឃ្មុំ មន្ត្រីសុខាភិបាលបានយកសំណាកអ្នកមានរោគសញ្ញាសង្ស័យផ្ទុកវីរុសកូរ៉ណា បានចំនួន៣១៥នាក់ ទៅកាន់វិទ្យាស្ថាបប៉ាស្ទ័រ ជាលទ្ធផលក្នុងនោះមានវិជ្ជមាន០៤នាក់។

លោកបន្តថា ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យតាមបែបវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ បានជាសះស្បើយ ហើយក៏បានអនុញ្ញាតឲ្យទៅផ្ទះវិញផងដែរ ប៉ុន្តែមន្ត្រីសុខាភិបាល ក៏នៅតែតាមដានសុខភាពពួកគេ ជាបន្តទៀតផងដែរ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ វិធីសាស្រ្តក្នុងការព្យាបាលអ្នកជំងឺ COVID-19 ក្នុងខេត្តត្បូងឃ្មុំ ផ្អែកទៅលើ២ចំណុចគឺ៖

១៖ ការព្យាបាលតាមបែបចិត្តសាស្ត្រ៖ គ្រូពេទ្យព្យាយាមផ្តល់កម្លាំងចិត្តដល់អ្នកជំងឺពន្យល់ អំពីការរស់នៅដោយអនាម័យ និងស្វែងយល់ពីស្ថានភាពជំងឺ។
២៖ ការព្យាបាលតាមបែបវេជ្ជសាស្រ្ត៖ ក្រុមគ្រូពេទ្យតាមដាននូវសញ្ញាជីវិតជាប្រចាំ ស្វែងយល់ពីរោគសញ្ញា ដែលអាចកើតអំឡុងពេលអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ។

ក្រោពីនេះគឺមាន ការព្យាបាលតាមលក្ខណៈបច្ចេកទេស ប៉ុន្តែលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ មិនបានលម្អិតពីការព្យាបាលដោយវិធីនេះទេ ព្រោះវាជាលក្ខណៈបច្ចេកទេស របស់គ្រូពេទ្យដើម្បីព្យាបាលអ្នកជំងឺ COVID-19។

លោកគូសបញ្ជាក់ថា ជោគជ័យនេះសម្រេចទៅបាន តាមរយៈការចង្អុលបង្ហាញពីសំណាក់ក្រសួងសុខាភិបាល ពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គាំទ្រយ៉ាងពេញទំហឹង និងរួមសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យមន្ទីរសុខាភិបាលខេត្ត មន្ត្រីសុខាភិបាលភិបាលទូទាំងខេត្ត ខិតខំប្រឹងប្រែង ពិនិត្យព្យាបាលអ្នកជំងឺ រហូតទទួលបានលទ្ធផល យ៉ាងល្អប្រសើរបែបនេះ។

លោកប្រធានមន្ទីរសុខាភិបាលរូបនេះ ក៏បានបន្ថែមទៀតថា ទោះបីជាលទ្ធផលបានល្អយ៉ាងនេះក្តី ប៉ុន្តែមន្ត្រីសុខាភិបាលមិនបានបន្ធូរដៃនោះឡើយ គឺកាន់តែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដោយបន្តយកសំណាក អ្នកដែលសង្ស័យមានផ្ទុកមេរោគនេះ ពិសេសពលករដែលមកពីប្រទេសក្រៅ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ បើសិនមានករណីវិជ្ជមានថ្មីទៀតនោះ។

លោក កែវ វណ្ណៈ ក៏បានថ្លែងអំណរគុណសប្បុរសជនទាំងអស់ ដែលបានចូលជាថវិកា និងសម្ភារ ក្នុងមូលនីធិតស៊ូជាមួយមេរោគកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ជាពិសេសជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ បានរៀបចំកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង៖
១៖មន្ទីរពេទ្យបង្អែកពញាក្រែក
២៖មន្ទីរពេទ្យបង្អែកមេមត់
៣៖មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
៤៖សណ្ឋាគារឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។

លោកថែមទាំងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលក្រុងស្រុកទាំង០៧ និងតាមបណ្តាភូមិឃុំក្នុងខេត្ត ដែលបានផ្សព្វផ្សាយសារនានា តាមគ្រប់មធ្យោបាយ ពិសេសដោយឧឃោសនសព្ទ ពាក់ព័ន្ធវិធានការការពារជំងឺកូវីដ១៩នេះ ក៏ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាសការពារ និងសូមកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ៕