(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីការប្រកាសឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនៅកម្ពុជា លើសេវាកម្មឱសថសាស្រ្ត តាមបច្ចេកវិទ្យាឌីជីថល (Telemedicine) តាមទីតាំងចំនួនបួន នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានដែលមានវិបត្តិ Covid-19នេះ។
ក្រុមហ៊ុន Cellcard បានបញ្ជាក់ទៀតថា សេវាកម្មនេះនឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជំងឺទូទាំងប្រទេស តាមរយៈតំណភ្ជាប់ (Video conference link) ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានា នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
សេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត ហើយវេជ្ជបណ្ឌិតគ្រប់រូប នឹងអាចផ្តល់នូវការព្យាបាល តាមបែបវេជ្ជសាស្រ្ត ការប្រឹក្សាយោបល់ និងការព្យាបាលតាមលក្ខណៈស្តង់ដារ តាមពេលវេលាជាក់ស្តែង ក៏ដូចជាការអប់រំសម្រាប់អ្នកជំងឺ និងការពិគ្រោះយោបល់ និងការត្រួតពិនិត្យសម្រាប់ក្រុមវេជ្ជសាស្ត្រនៅនឹងកន្លែង។
ថ្មីៗនេះ ក្រុមហ៊ុនសែលកាត ដែលបានបង្ហាញពីល្បឿនបច្ចេកវិទ្យា 5G របស់ខ្លួន ដែលមានល្បឿនរហូតដល់១.៦ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតំឡើងសេវាកម្មនេះ នៅតាមបណ្តាទីតាំងមួយចំនួនដូចជា៖
* មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
* មណ្ឌលសុខភាពចាក់អង្រែ
* ក្រសួងសុខាភិបាល
* ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
គំនិតផ្តួចផ្តើមនេះ កំពុងត្រូវបានដឹកនាំផ្ទាល់ដោយ អ្នកឧកញ៉ា គិត ម៉េង ដែលសហការយ៉ាងពេញលេញជាមួយក្រសួងទាំងពីរ។
ក្រុមការងារ Cellcard គឺកំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយដែលនឹងត្រូវដាក់ឲ្យដំណើរការ នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ខាងមុខនេះ។
លោក អៀន វ៉ាត់សុន( Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងថា សេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះនឹងក្លាយជាជំហានដំបូងដ៏សំខាន់ ដែលជាការផ្តល់នូវចក្ខុវិស័យរបស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។
លោក Watson បន្តទៀតថា «យើងតែងតែអះអាងថា ក្រុមហ៊ុនសែលកាតនឹងឈានមុខគេ ក្នុងការចាប់ផ្តើមបច្ចេកវិទ្យា 5G ដំបូងគេបំផុតនៅកម្ពុជា ហើយយើងនឹងធានាថា បច្ចេកវិទ្យានេះពិតជាធ្វើឱ្យជីវិតរស់នៅ កាន់តែប្រសើរឡើង។ ជាមួយនឹងស្ថានភាព Covid-19 យើងឃើញថានេះ គឺជាការស្នើសុំ និងបន្ទាន់បំផុត ដើម្បីគាំទ្រសហគមន៍វេជ្ជសាស្រ្ត នៅពេលដែលពួកគាត់ធ្វើការងារ ដើម្បីការពារជីវិតមនុស្ស នៅគ្រប់ទីកន្លែងដែលអ្នកជំងឺនៅ តាមបណ្តាព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ថែមថា «ការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G នេះ គឺជាការឆ្លើយតបរួមគ្នាដ៏ធំមួយ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីគាំទ្រ និងយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ក្នុងគ្រាលំបាកនេះ។ ដំណោះស្រាយបច្ចេកទេស សម្រាប់សេវាកម្មនេះនឹងឃើញសែលកាត 5G ភ្ជាប់ជាមួយបណ្តាញខ្សែរកាបអុបទិករបស់អ៊ីហ្ស៊ីខម។ រាល់វេជ្ជបណ្ឌិតទាំងអស់ នឹងអាចផ្តល់ការពិគ្រោះយោបល់លើល្បឿនលឿនបំផុត របស់បច្ចេកវិទ្យា 5G (5G Ultra-High Speed) ជាមួយនឹងវីដេអូកម្រិតខ្ពស់ ដែលមើលឃើញច្បាស់ (High Definition video) នៅទូទាំងប្រទេស»។
សូមជម្រាបថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ហើយដែលបានបំរើប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ៕