(ភ្នំពេញ)៖ លោកសឺន ស៊ូបែរ្តិ៍ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មូលនិធិសម្តេចវរសេដ្ឋាធិបតី សឺន សាន និង ជាកូនប្រុសតែម្នាក់គត់ របស់លោកតា សឺន សាន មានឈាមជ័រជាខ្មែរកម្ពុជាក្រោមប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នារសៀលថ្ងៃនេះថា លោកបានទទួលលិខិតសុំទោសជាផ្លូវការ របស់លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិហើយ នៅព្រឹកថ្ងៃទី០៤ មករានេះ។
ក្នុងលិខិតរបស់លោក អេង ឆៃអ៊ាងមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានសម្រេចសុំទោសលោក សឺន ស៊ូបែរ្តិ៍ និងពលរដ្ឋខ្មែរកម្ពុជាក្រោមជាសាធារណៈ ចំពោះអ្វីដែលខ្លួនបានអត្ថាធិប្បាយទាក់ទង នឹងករណីលោកឧកញ៉ា សឺន គុយ។
ក្នុងលិខិតរបស់លោក អេង ឆៃអ៊ាង ដដែល ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ដែលមានកម្មវត្ថុ ផ្ញើជូនលោក សឺន ស៊ូបែរ្តិ៍ ដែលជាប់ខ្សែស្រឡាយនឹងលោកឧកញ៉ា សឺន កុយ បានបញ្ជាក់ឲ្យដឹងថា «ការថ្លែងរបស់ខ្ញុំដែលមានទាក់ទងជាមួយលោកឧកញ៉ា សឺន កុយនៅក្នុងទីក្រុង Montreal ប្រទេសកាណាដា និងនៅកន្លែងផ្សេងៗទៀត ក្នុងពេលថ្មីៗនេះ គឺជាទស្សនៈយល់ឃ់ញរបស់ខ្ញុំ ហើយខ្ញុំពុំមានចេតនាបន្តុះបង្អាប់ រឺប្រមាថមើលងាយចំពោះគំរូវីរៈភាពដ៍អង់អាចក្លាហានរបស់លោក ឧកញ៉ា សឺន កុយ ឡើយ។ ប៉ុន្តែប្រសិនបើឯកឧត្តម រឺបងប្អូនខ្មែរកម្ពុជាក្រោម យល់ឃើញថា ការថ្លែងរបស់ខ្ញុំមិនសមរម្យ និងមិនត្រឹមត្រូវ ខ្ញុំសូមអធ្យាស្រ័យ និងអភ័យទោសឯកឧត្តម រឺបងប្អូនខ្មែរកម្ពុជាក្រោមផង»។
ឆ្លើយតបនឹងការសុំទោសរបស់លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មូលនិធិសម្តេចវរសេដ្ឋាធិបតី សឺន សាន បានបញ្ជាក់ឲ្យដឹងថា ការសុំទោសរបស់លោក អេង ឆៃអ៊ាង អាចទទួលយកបាន។ កូនប្រុសតែម្នាក់គត់ របស់លោកតា សឺន សានរូបនេះ ក៏បានសរសើរចំពោះសេចក្តីក្លាហាន របស់លោក អេង ឆៃអ៊ាង ដែលបានចេញមុខមកសុំទោសជាផ្លូវបែបនេះ។
លោក សឺន ស៊ូបែរ្តិ៍ បានបន្តថា ការសុំទោសរបស់លោក អេង ឆៃអ៊ាង នាពេលនេះអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរំសាយកំហឹង និងរំងាប់ការខឹងក្រោធបានហើយ។ ជាការសំណូមពរ លោក លោកសឺន ស៊ូបែរ្តិ៍ ស្នើឲ្យអ្នកនយោបាយដទៃទៀត មុននឹងថ្លែងអ្វីមួយ ចូលមានការប្រុងប្រយ័ត្ន និងគិតគូរពិចារណាឲ្យបានម៉ត់ហ្មត់ ជៀសវាងប៉ះពាល់ទៅដល់វីវៈជនល្បីរបស់ខ្មែរកម្ពុជាក្រោម។
សូមជំរាបថា កាលពីពេលថ្មីៗនេះ លោកសឺន ស៊ូបែរ្តិ៍ បានចេញមកសម្តែងប្រតិកម្ម ខឹងសម្បាយ៉ាងខ្លាំង ចំពោះសម្តីលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលបានធ្វើការប្រដូចលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ទៅនឹងលោកឧកញ៉ា សឺន គុយ វីរបុរសរបស់ខ្មែរក្រោម ហ៊ានពលីជីវិត ដើម្បីប្តូរយកការរស់រៀន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ សាសនារបស់ខ្មែរកម្ពុជាក្រោម។ លោក សឺន ស៊ូបែរ្តិ៍ បានទាមទារឲ្យលោក អេង ឆៃអ៊ាង ធ្វើការសុំទោសចំពោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ ចំពោះការប្រមាថដល់កិត្តិស័ព្ទ របស់វីរបុរសជាទីគោរពរបស់ខ្មែរក្រោម។
ប្រតិកម្មរបស់លោក សឺន ស៊ូបែរ្តិ៍ បានធ្វើឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងជំនួបសំ ណេះសំណាលជាមួយអ្នកគាំទ្រ នៅទីក្រុងម៉ុងរេអាល ប្រទេសកាណាដា ព្រោះតែចង់ការពារភាពកំសាករបស់លោក សម រង្ស៊ី អ្នក នយោបាយជើងមិនជាប់ដី តែងរត់បាតជើងសព្រាតរាល់ប្រឈមបណ្តឹងចាប់ខ្លួននោះ បានធ្វើការបន្ទោសបង្អាប់ទៅលើឧកញ៉ា សឺន កុយ។ លោក អេង ឆៃអ៊ាង បានហៅការប្តូរជីវិតរបស់លោក ឧកញ៉ា សឺន កុយ ដោយព្រមឲ្យយួនកាត់ក្បាល ដើម្បីប្តូរមកវិញនូវអាយុជីវិតរបស់ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ប្តូរមកវិញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនារបស់ខ្មែរកម្ពុជាក្រោម រហូតដល់បច្ចុប្បន្នថា ជាទង្វើមួយឆោតល្ងង់។
គួររំលឹកឲ្យដឹងថា លោក ឧកញ៉ា សឺន គុយ ត្រូវបានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម គោរព និងចាត់ទុកជាវីរបុរសដ៏អង់អាចក្លាហានបំផុត របស់ខ្មែរ ដែលហ៊ានពលីជីវិតរបស់ខ្លួន ដើម្បីប្តូរមកវិញនូវជីវិតរបស់ពលរដ្ឋខ្មែរក្រោម ព្រមទាំងវប្បធម៌ ប្រពៃណី និងសាសនារបស់ខ្មែរ ក្រោមនឹមត្រួតត្រារបស់យួន រហូតមកដល់បច្ចុប្បន្ន៕