(ភ្នំពេញ)៖ ខណៈដែលការបិទសាលារៀនទូទាំងប្រទេស បង្កការរំខានដល់ការអប់រំសិស្ស ជាង៨០ភាគរយ នៅទូទាំងសកលលោក, យូនីសេហ្វ (UNICEF) បានប្រកាសពង្រីក ការគាំទ្របន្ថែមទៀត នៅគ្រប់ប្រទេសទាំងអស់ ដើម្បីជួយកុមារឲ្យបានបន្តការសិក្សា ហើយក៏ជួយឲ្យសាលារៀន នៅតែជាកន្លែងដែលមានសុវត្ថិភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់យូនីសេហ្វ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ។
លោក រ៉ូបឺត ជិនឃីនស្ស (Robert Jenkins) ប្រធានផ្នែកអប់រំសកលរបស់យូនីសេហ្វ បានថ្លែងថា «សាលារៀនក្នុងប្រទេសភាគច្រើនបានបិទទ្វារ។ នេះគឺជាស្ថានភាព ដែលពុំធ្លាប់មានកន្លងមក ហើយប្រសិនបើយើងមិនធ្វើសកម្មភាពរួមគ្នានៅពេលនេះ ដើម្បីការពារការអប់រំរបស់កុមារនោះទេ សង្គមនិងសេដ្ឋកិច្ចប្រាកដជាទទួលរងបន្ទុក ក្នុងរយៈពេលវែង ក្រោយពេលដែលយើង យកឈ្នះមេរោគកូវីដ១៩នេះ ជាមិនខាន។ ក្នុងសហគមន៍ដែលងាយរងគ្រោះជាងគេ ផលប៉ះពាល់នឹងបន្តទៅរាប់ ជំនាន់ក្រោយទៀត»។
លោក ជិនឃីនស្ស បានបន្តទៀតថា «ផ្អែកតាមមេរៀនទទួលបានជាមួយ នឹងករណីបិទសាលារៀន ដែលជាការឆ្លើយតប ចំពោះករណីជំងឺអេបូឡាកន្លងមក នៅពេលកុមារនៅឆ្ងាយពីសាលារៀនកាន់តែយូរ ពួកគេកាន់តែមិនទំនង ជាត្រឡប់ទៅរៀនវិញឡើយ។ ការផ្ដល់ឲ្យកុមារនូវវិធីសាស្រ្តជាជម្រើសផ្សេងៗ ដើម្បីឲ្យពួកគេអាចបន្តការរៀនសូត្រ និងការកសាងទម្លាប់បែបនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបរបស់យើង»។
ដើម្បីជួយទប់ទល់ នឹងការរំខានដល់ការអប់រំរបស់កុមារ និងជួយឲ្យកុមារបន្តរៀនសូត្រប្រកបដោយសុវត្ថិភាព យូនី សេហ្វ បានវិភាជន៍ថវិកាបន្ថែម ដើម្បីពន្លឿនការងារ ដែលកំពុងធ្វើជាមួយនឹងរដ្ឋាភិបាល និងដៃគូ នៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមជាង ១៤៥ប្រទេស។
ការវិភាជន៍ថវិកាបឋម នៅកម្រិតសកលចំនួន១៣លានដុល្លារ ដោយក្នុងនោះជិត៩លានដុល្លារ បានពីការផ្ដល់វិភាគទាន ពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) – នឹងត្រូវប្រើប្រាស់ជាថវិកា កាតាលីករ តាមរយៈការគាំទ្រដល់ រដ្ឋាភិបាល នៅថ្នាក់ជាតិ និងដៃគូអប់រំនានា ក្នុងប្រទេសនីមួយៗ ក្នុងការធ្វើផែនការ ដើម្បីអាចធ្វើការឆ្លើយតប ទូទាំងប្រព័ន្ធទាំងមូល ឲ្យបានកាន់តែឆាប់រហ័ស។
គម្រោងនេះ នឹងផ្ដល់លទ្ធភាព ឲ្យប្រទេសនានារៀបចំជាជម្រើសកម្មវិធីសិក្សារៀនសូត្រ ក្នុងករណីបិទសាលារៀន និងជួយឲ្យសាលារៀន អាចបន្តរក្សាសុវត្ថិភាពកុមារ និងសហគមន៍របស់ពួកគេ តាមរយៈការផ្ដល់ព័ត៌មានសំខាន់ៗ អំពីការលាងសម្អាតដៃ និងការអនុវត្តអនាម័យផ្សេងទៀត។
ថវិកានេះ ក៏នឹងជួយគាំទ្រដល់សុខភាពផ្លូវចិត្ត របស់កុមារ និងបង្ការការមាក់ងាយ និងការរើសអើងផងដែរ តាមរយៈការលើកទឹកចិត្ត ឲ្យសិស្សចៀសវាងការប្រកាន់ផ្នត់ គំនិតអវិជ្ជមាន នៅពេលដែលពួកគេនិយាយអំពីមេរោគនេះ។
នៅក្នុងប្រទេសកម្ពុជា យូនីសេហ្វ កំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ឱកាសសិក្សាជាជម្រើសផ្សេងៗដល់សិស្សានុសិស្សដូចជា ថ្នាក់រៀនតាមប្រព័ន្ធអេឡេត្រូនិក លើមុខវិជ្ជាសំខាន់ៗ។
កម្មវិធីនេះ អាចគ្របដណ្ដប់ និងផ្ដល់ប្រយោជន៍ដល់សិស្សថ្នាក់ទី៩ និងទី១២ ប្រមាណ២៥០,០០០នាក់នៅទូទាំងប្រទេស ដែលត្រូវប្រឡងនៅឆ្នាំនេះ។ ថ្នាក់រៀនតាមអនទ្បាញ នឹងជួយគាំទ្រដល់សិស្សជាច្រើន ឲ្យបានរៀនសូត្រក្នុងអំទ្បុងពេលសាលាបិទ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
យូនីសេហ្វ ក៏កំពុងសហការជាមួយ នឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកកម្មវិធីរបស់ខ្លួន ដែលកំពុងអនុវត្ត សម្រាប់ផ្ដល់សេវារៀនសូត្រជាជម្រើសដល់សិស្សនៅកម្រិតអប់រំ ថ្នាក់មូលដ្ឋាន ចាប់ពីកម្រិតអប់រំកុមារតូច និងបឋមសិក្សា រហូតដល់មធ្យមសិក្សា។
ជាមួយនឹងការគាំទ្រដែលឧបត្ថម្ភ ដោយរាជរដ្ឋាភិបាលជប៉ុននេះ មេរៀន និងកម្មវិថីជា ទម្រង់ e-learning ជាច្រើនត្រូវបានបង្កើតទ្បើង និងផ្សព្វផ្សាយតាមរយៈវេបសាយ និងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីទ្បា។
សម្ភារផ្សព្វផ្សាយ ដែលផ្ដោតលើការអប់រំ អំពីការបង្ការមេរោគកូវីដ១៩ ក៏ត្រូវបានផលិតផងដែរ ដើម្បីផ្សព្វផ្សាយពី សារៈសំខាន់ពីការលាងសម្អាតដៃ និងការថែទាំខ្លួន ដល់កុមារ និងគ្រួសារ និងលើកទឹកចិត្ត ឲ្យមាតាបិតាគាំទ្រដល់ការរៀនសូត្រ របស់កូននៅក្នុងផ្ទះ និងដល់សុខុមាលភាព និងសុខភាពផ្លូវចិត្តទូទៅ របស់ពួកគេ។
សម្ភារអប់រំទាំងនេះ មាននៅក្នុងវេបសាយ របស់យូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីទ្បា។
លើសពីនេះ ជាមួយនឹងការគាំទ្រថវិកា ពីទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងផ្តល់នូវបរិក្ខារអនាម័យ ទៅឲ្យសាលារៀន ចំនួន៨១៣កន្លែង នៅទូទាំងប្រទេស ដែលផ្ដល់ប្រយោជន៍ ដល់កុមារចំនួន៣៩០,០០០នាក់។ នៅទូទាំងសកលលោក នៅក្នុងប្រទេសទាំង១៤៥ យូនីសេហ្វ នឹងសហការជាមួយដៃគូ ដើម្បី៖
១៖ គាំទ្រដល់ការអនុវត្តផែនការ ឆ្លើយតបចំពោះវិបត្តិរបស់រដ្ឋាភិបាល ដូចជាការផ្ដល់ជំនួយបច្ចេកទេស ការវិភាគហានិភ័យបែបរហ័ស ការប្រមូលទិន្នន័យ និងការធ្វើផែនការ សម្រាប់ការបើកសាលារៀនឡើងវិញ។
២៖ គាំទ្រដល់ការធ្វើផែនការ និងការអនុវត្តប្រតិបត្តិការសាលារៀនមានសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយអំពីហានិភ័យ ដូចជាការបកប្រែ បោះពុម្ព ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ណែនាំ ស្ដីពីសាលារៀនមានសុវត្ថិភាព ការផ្ដល់ឲ្យសាលារៀន នូវកញ្ចប់សម្ភារអនាម័យ និងការផ្សព្វផ្សាយព័ត៌មានសំខាន់ៗ អំពីការបង្ការជំងឺ និងការបណ្ដុះបណ្ដាលគ្រូ និងអាណាព្យាបាល អំពីការគាំទ្រផ្នែកចិត្តសង្គម និងសុខភាពផ្លូវចិត្តសម្រាប់ខ្លួនឯង និងសម្រាប់សិស្ស។
៣៖ ធានាឲ្យមានការបន្តការរៀនសូត្រ និងការទទួលបានកម្មវិធីរៀនសូត្រពីចម្ងាយ ដូចជាការរចនា និងការរៀបចំ កម្មវិធីអប់រំជាជម្រើសផ្សេងៗ តាមប្រព័ន្ធអនឡាញ តាមវិទ្យុ និងតាមទូរទស្សន៍ជាដើម។
៤៖ លើកកម្ពស់ការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាព សម្រាប់ការឆ្លើយតប ចំពោះវិបត្តិដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន និងការរាលត្បាតជំងឺ ដែលអាចកើតមាននាពេលអនាគត៕