(ភ្នំពេញ)៖ លោក ញាន វណ្ណៈ តំណាងឱ្យក្រុមអតីតនិស្សិតច្បាប់ជំនាន់ទី១០ (២០០១-២០០៥) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) បាននាំយកថវិកាចំនួន ៣,១០០ដុល្លារ ប្រគល់ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រធាន។
ពិធីប្រគល់ថវិកានេះ បានប្រារព្ធធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ។ លោក ញាន វណ្ណៈ ថវិកានេះ ជាវិភាគទានដែលសមាជិកក្រុម និងបងប្អូនញាតិមិត្ត បានរៃអង្គាសគ្នាសម្រាប់ទ្រទ្រង់ដល់ការព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស COVID-19 នៅកម្ពុជា។
កម្មវិធីរៃអង្គាសថវិកានេះ ដែលត្រូវបានបង្កើតឡើងដោយសមាជិក ក្នុងក្រុមអតីតនិស្សិតច្បាប់ជំនាន់ទី១០ បានចាប់ផ្តើមដំណើរការពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ និងបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
លោក ញាន វណ្ណៈ បានគូសបញ្ជាក់ថា «ទោះបីជាយើងមិនជាកម្លាំងជួរមុខក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ក្តី ក៏យើងអាចចូលរួមប្រយុទ្ធប្រឆាំងនឹង COVID-19 បានដែរ»។ លោកបន្ដថា ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា សូមបងប្អូនទាំងអស់មេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរបស់អង្គការសុខភាពពិភពលោក ពិសេសវិធានការក្នុងការថែទាំអនាម័យ៕