(បាត់ដំបង)៖ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងជម្រាបជូនប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រយុទ្ធប្រឆាំង និងវិធីការពារនៃជំងឺ Covid-19 នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបានបន្តចុះពិនិត្យមើលការជីកប្រឡាយទឹក១ខ្សែ ប្រវែង៩គីឡូម៉ែត្រ ដែលជាអំណោយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
លោក កុល វីរក្ស បានជម្រាបជូនទៅប្រជាពលរដ្ឋនៅក្នុងឃុំតាប៉ុន ដែលទើបមកពីធ្វើការនៅជាយដែនខ្មែរ-ថៃចំនួន១៤៤នាក់ និងប្រជាពលរដ្ឋផ្សេងទៀតថា បច្ចុប្បន្នជំងឺ Covid-19 ថ្មីកំពុងរីករាលដាលលើពិភពលោកយ៉ាងលឿន និងសាហាវបំផុត ឯនៅកម្ពុជាប្រជាលរដ្ឋយើងបានឆ្លងពីប្រទេសគេ តាមរយ:ប្រាស្រ័យទាក់គ្នា ជាមួយអ្នកផ្ទុកមេរោគនេះ ដោយឡែកនៅឃុំតាប៉ុនមិនទាន់មានការឆ្លងជំងឺនេះនៅឡើយ ដូចនេះហើយយើងត្រូវការពារពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នេះ
តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា និងនាំគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងដល់ពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។
លោក កុល វីរក្ស បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ Covid-19 ដូចជា ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ, ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើក្រមា ឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ, ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ឬអ្នកជម្ងឺ, ពេលមិនទាន់លាងដៃសូមកុំប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ក្នុងឱកាសណែនាំតាមវិធីការពារនេះដែរ លោក កុល វីរក្ស ក៏បានផ្តល់ដល់អ្នកចូលរួមទាំងអស់ម្នាក់ៗ ទទួលបាន ក្រមា១ សាប៊ូ១ដុំ និងម៉ាស១ និងបានប្រគល់ជូន សាលាឃុំតាប៉ុន មានអង្ករ៤តោន ក្រម៉ា៥០០ សាប៊ូ៥០០ដុំ ម៉ាសមួយចំនួន សម្រាប់បំរ៉ុងទុកចែកពេលចាំបាច់ ជូនប្រជាពលរដ្ខក្រីក្រ និងពេលមានអ្នកឈឺ កូវីដ១៩ ពេលក្រោយ។
បន្ទាប់បីបានចុះផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់ពលរដ្ឋរួចហើយ លោក កុល វីរក្ស ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលក្រុមការងារ មន្ទីរធនធានទឹក កំពុងជីកប្រឡាយសម្រាប់បង្ហូរទឹក១ ខ្សែប្រវែង៩គីឡូម៉ែត្រ មានថ្នល់មួយចំហៀង ចាក់គ្រួសក្រហមសម្រាប់ ប្រជាប្រពលរដ្ឋបង្ហូរទឹក ដាក់ទុកប្រើប្រាស់ ធ្វើស្រែនៅឆ្នាំក្រោយ។ ប្រឡាយទឹកដែលកំពុងធ្វើនេះជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម តាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងក្រុមការងារ ដែលប្រឡាយទឹកនេះគ្រោងនឹងធ្វើរួចនាចុងខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ដោយមានទ្វារទឹក៣កន្លែង និងលូប្រអប់៤កន្លែង៕