(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ នៅមូលដ្ឋាន និងលើកទិសដៅការងារ ព្រមទាំងកំណត់វិធានការចាំបាច់ជាក់ស្តែងមួយចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងសហគមន៍មូលដ្ឋានភូមិឃុំ ដោយមានការចូលរួម ពីសំណាក់លោកស្រី អស់លោក ជាអនុប្រធានក្រុមការងារ ប្រធានក្រុមប្រឹក្សា អភិបាល អធិការនគរបាល មេបញ្ជា ការកងរាជអាវុធហត្ថ ផ្នែកសឹករងស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានក្រុមការងារឃុំ មេឃុំនិងមេប៉ុស្តិ៍នគរ បាល រដ្ឋបាលឃុំទាំង៩ ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពសរុបចំនួន៤០នាក់។
ក្រោយពីបានត្រួតពិនិត្យ វាយតម្លៃការវិវដ្តចុងក្រោយ នៃសភាពការណ៍នៅតាមមូលដ្ឋានភូមិឃុំរួចមក ក្រុមការងារបានឯកភាពលើកទិសដៅការងារជាអាទិភាព និងផែនការសកម្មភាពក្នុងការឆ្លើយតប និងធ្វើឱ្យជាក់ស្តែងនូវការដឹកនាំ និងការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិធានការចាំបាច់ជា បន្ទាន់នានាដើម្បីទប់ស្កាត់ ប្រឆាំងការរាតត្បាតនៃជំងឺ កូវីដ១៩ នៅតាមសហគមន៍ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃុំនីមួយៗ រួមមានជាអាទិ៍៖
១៖ ផ្អែកលើមធ្យោបាយ និងវិធីសាស្ត្រជាក់ស្តែងក្នុងមូលដ្ឋាន ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តការឃោសនា អប់រំ ផ្សព្វផ្សាយជាប្រចាំតាមរយៈសារអំពាវនាវ និងតាមរូបភាពផ្សេងទៀត ជូនប្រជាពលរដ្ឋតាមភូមិទាំង១០៨ ឱ្យបានយល់ជ្រួតជ្រាប កាន់តែច្បាស់ពីគ្រោះថ្នាក់នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងអំពាវនាវឱ្យមានការចូលរួមបង្ការទប់ស្កាត់ ដោយខិតខំរក្សាការរស់នៅប្រចាំថ្ងៃប្រកប ដោយ អនាម័យជាប់ជានិច្ច រួមគ្នាការពារសុវត្ថិភាពពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗ សំដៅបញ្ចៀសឱ្យផុតពីគ្រោះភ័យនៃជំងឺឆ្លងដ៏កាចសាហាវនេះ ដើម្បីពង្រឹងសុខភាពសាធារណៈតាមសហគមន៍។
២៖ លើកទឹកចិត្តពលរដ្ឋឱ្យត្រងត្រាប់អនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងវិធានការវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំងការរាលដាលឆ្លងនៃជំងឺ កូវីដ១៩។ ត្រូវក្តាប់ជាប់មុខសញ្ញាអ្នក ដែលចេញចូលក្នុងភូមិនីមួយៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រងវេជ្ជសាស្ត្រឱ្យបានសមស្រប។ ដោយឡែក ចំពោះបងប្អូនចំណាកស្រុកក្នុងប្រទេស និងក្រៅប្រទេសដែលបាន និងកំពុងវិលត្រឡប់មកជួបជុំក្រុមញាតិគ្រួសារ នៅតាមមូលដ្ឋាន ភូមិឃុំ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមឱ្យប្រកាន់នូវវិធានការដាក់ខ្លួនឯង ដាច់ដោយឡែកពីក្រុមញាតិគ្រួសារក្នុងរយៈពេល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺជាយថាហេតុ។
៣៖ ពង្រឹងបណ្តាញទំនាក់ទំនងការងារជិតស្និទ្ធជាប្រចាំ រវាងក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមួយផ្នែកសុខាភិបាល ពីភូមិឃុំមកដល់ស្រុក ដើម្បីឆ្លើយតបដោះស្រាយជាបន្ទាន់ ចំពោះករណីសង្ស័យថាមានអ្នកផ្ទុកជំងឺកូវីដ១៩ ឬករណីពាក់ព័ន្ធដទៃទៀត។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារសង្គមកិច្ច ជួយសង្គ្រោះបន្ទាន់មុខសញ្ញាចាស់ជរានិងអ្នករងគ្រោះដទៃទៀតពីវិបត្តិកូវីត១៩។
អង្គប្រជុំក្រុមការងារបានប្តេជ្ញាចិត្ត អនុវត្តនូវរាល់វិធានការបន្ទាន់ចាំបាច់ខាងលើឱ្យ បានជោគជ័យនៅក្នុងមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដោយស្មារតីសាមគ្គីជឿជាក់យ៉ាងមុតមាំលើកំលាំងខ្លួនឯង លើកំលាំងសាមគ្គីប្រជាជាតិក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាលនៃកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយកំណត់ច្បាស់ថា ដាច់ខាតយើងពិតជាឈ្នះគ្រោះភ័យនេះ បានដើម្បីបន្តរក្សាការពារសុខសន្តិភាព និងសុខមាលភាពរបស់សង្គមជាតិ សម្រាប់អនាគត រុងរឿងរបស់ប្រទេសជាតិនិងប្រជាជនយើង៕