(កំពង់ស្ពឺ)៖ លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយមានពលករខ្មែរ ដែលចេញទៅធ្វើការនៅបរទេសបានវិលមកវិញ អាជ្ញាធរមូលដ្ឋានមានការយកចិត្តទុក ដាក់តាមដាន ជាពិសេសមើលថែរពួកគាត់ អប់រំជាប្រចាំ ធ្វើឱ្យមានយល់ដឹងអំពីបញ្ហាជំងឺឆ្លង COVID-19 ទើបធ្វើឱ្យពួកគាត់ចេះការពារខ្លួន បានយ៉ាងប្រសើរ ហើយគិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មិនទាន់មានករណី COVID-19 នេះ មួយករណីនៅឡើយទេ។
បញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ដោយឡែកតែខេត្តកំពង់ស្ពឺ ស្ថិតក្នុងចំណោម ២៥រាជធានី/ខេត្ត រក្សាបានការមិនឆ្លងជំងឺ COVID-19 បានប្រសើរផងដែរ។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានបន្តថា បើទោះបីពលករចំណូលស្រុកបានវិលមកកាន់ស្រុកកំណើត មានចំនួន ៤២៥នាក់ ក្នុងចំណោមពលករចំណាកស្រុកបានចេញទៅធ្វើការ នៅបរទេសសរុប ៧,១៩៣នាក់។ ក្នុងចំណោមពលករចំណូល ស្រុកទាំងអស់ ខាងមន្ទីរសុខាភិបាលមិនបានធ្វើតេស្ត ឬយកកំហាកទៅពិនិត្យនៅប៉ាស្ទ័រទេ លុះត្រាតែករណីណា ដែលសង្ស័យជាក់ស្តែង និងមានការផ្តល់ព័ត៌មានច្បាស់លាស់អំពីស្ថានភាពទាំងនោះ។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានបញ្ជាក់ថា ក្រោមកិច្ចការបញ្ជា ត្រួតពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្ត ជាប្រធានគណៈកម្មការថ្នាក់ខេត្ត ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 គេសង្កេតឃើញថានៅក្នុងមូលដ្ឋាន អង្គភាពរដ្ឋ រោងចក្រ សហគ្រាស ត្រូវបានអប់រំជាប្រចាំ ក្នុងនោះក្រុមការងារ ធ្វើការដោយមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការផ្សព្វផ្សាយសារជាសម្លេង (មេក្រូ) អំពីការការពារពីមេរោគនៃជំងឺឆ្លង COVID-19 ដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី នៃរោងចក្រសហគ្រាសទូទាំងខេត្ត ពិសេសជាងនេះទៅទៀត មានការចូលរួមផ្សព្វផ្សាយ យ៉ាងសកម្មពីសកម្មជន FaceBook របស់ខេត្តកំពង់ស្ពឺ ទើបប្រជាជនមានការយល់ដឹង និងមិនសូវជឿលើព័ត៌មានបំពុល បំប៉ោងអំពីករណី COVID-19 នេះ។
«យើងទាំងអស់គ្នាសុខចិត្តស្តាប់មេក្រូផ្សព្វផ្សាយអំពី COVID-19 តែយើងទាំងអស់គ្នាមិនស្តាប់មេក្រូចាក់សម្លេងពិនពាធ អំពីអ្នកស្លាប់ដោយ COVID-19 នោះទេ» មានតែយើងប្រឹងប្រែងការពារខ្លួនយើងទេទើបប្រសើរ ដូច្នេះ បងប្អូនមេត្តាស្តាប់ការណែនាំជាប្រចាំ របស់ក្រសួងសុខាភិបាលដោយយកចិត្តទុកដាក់។
គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ ខណៈដែលមានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតផងដែរ៕