(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់គណៈបញ្ជាការឯកភាពខណ្ឌ លើការបង្ក្រាបបទល្មើស និងខំទប់ស្កាត់ បញ្ហាគ្រឿងញៀនតាមមូលដ្ឋាន សម្រេចបានស្នាដៃ ដោយទទួលបានលទ្ធផលល្អ និងទទួលបានការកោតសរសើរ ពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវា។
ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ព្រំ សំខាន់ប្រធានក្រុមប្រឹក្សា និងលោក ថេង សុថុល អភិបាលខណ្ឌ។
ក្នុងនោះ ក៏មានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៥ ប្រធានផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់ ដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ការបង្កភាពអនាធិបតេយ្យ បញ្ហាសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ បញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម ដែលអាជ្ញាធរខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ។
ជាមួយគ្នានេះ លោក ព្រំ សំខាន់ ក៏បានលើកទឹកចិត្ត ដល់គណៈអភិបាលខណ្ឌ ក្នុងបន្តបង្ក្រាបបទល្មើស និងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីសេចក្តីសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងកិច្ចប្រជុំ ក៏បានលើករបៀបវារៈមកពិភាក្សា និងដូចខាងក្រោម៖
១៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នាថ្ងៃទី២៨ កុម្ភៈ។
២៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខណ្ឌចំការមន។
៣៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្ត្រីរាជការរដ្ឋបាលខណ្ឌចំការមន ប្រចាំខែមីនា ឆ្នាំ២០២០។
៤៖ ការងារផ្សេងៗ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌចំការមន ក៏បានលើកពីវិធានការបង្កា និងទប់ស្កាត់ការរីករាលដាល របស់ជំងឺវីរុសកូរ៉ូណា (Covid-19)៖ ពង្រឹងរបៀបរបបធ្វើការងារ ក្នុងរដ្ឋបាលខណ្ឌចំការមន, និងការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខណ្ឌ៕