(ភ្នំពេញ)៖ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់មន្ត្រីសាលាឧទ្ធរណ៍ភ្នំពេញទាំងអស់ អំពីការអនុវត្តតាមដែនសមត្ថកិច្ចរបស់ខ្លួនចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ។

ក្នុងលិខិតរបស់ប្រធានសាលាឧទ្ធរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា ចាប់ពីថ្ងៃី០១ ខែមេសាតទៅ សាលាឧទ្ធរណ៍ភ្នំពេញ មានសមត្ថកិច្ចដោះស្រាយតែរឿងក្តីណា ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដី ដែលគ្រប់ដណ្ដប់លើ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងរឿងក្តីដែលមិនស្ថិតក្រោមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍តំបន់ លើកលែងតែរឿងក្តីទាំងឡាយណាដែលច្បាប់ប្រគល់សមត្ថកិច្ចទៅឲ្យតុលាការផ្សេងទៀត។

ដោយហេតុថាលិខិតនេះ មានការណែនាំច្បាស់លាស់ ប្រធានសាលាឧទ្ធរណ៍ក៏បានរំលឹកដល់មន្ត្រីរបស់ខ្លួន ដែលមានសមត្ថកិច្ចទទួលពាក្យសុំ ឬពាក្យបណ្ដឹង ដែលឧបាស្រ័យ ក្រោយថ្ងៃទី០១ ខែមេសា ត្រូវពិនិត្យឲ្យបានច្បាស់លាស់។ បើពាក្យសុំ ឬបណ្ដឹងឧបាស្រ័យនោះ មិនស្ថិតនៅក្នុងសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ គប្បីណែនាំឱ្យសមីខ្លួនទៅដាក់នៅសាលាឧទ្ធរណ៍ដែលមានសមត្ថកិច្ចតាមច្បាប់វិញ។

លោកបន្តថា បើសំណុំរឿងឧបាស្រ័យ ផ្ញើមកដោយប្រៃសណីយ៍ តាមមធ្យោបាយផ្សេងដោយមិនទាល់ គប្បីធ្វើដីកាបញ្ជូនទៅតុលាការសាមី ដើម្បីចាត់ចែងបញ្ជូនឲ្យបានត្រឹមត្រូវតាមសមត្ថកិច្ចវិញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ប្រធានសាលាឧទ្ធរណ៍៖